អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តបទបញ្ជាលេខ ០១ ប.ប. និងអនុក្រឹត្យលេខ ០៣ អនក្រ. ស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហៅកាត់ថា គ.ប.ឆ.ប.ខ. ប្រចាំឆមាសទី១ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារយ៉ាងសកម្មរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីទប់ស្កាត់មិនឱ្យបទល្មើសប្រភេទនេះងើបឡើងវិញ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ឱកាសជូនអាជ្ញាធរក្រុង-ស្រុក ធ្វើការរាយការណ៍អំពីសភាពការណ៍ និងលទ្ធផលនៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីដោះស្រាយ និងសម្របសម្រួលឱ្យបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បន្តចុះធ្វើរដ្ឋបាលចំហនៅតាមដងផ្លូវឱ្យបានជាប់ជាប្រចាំ សំដៅធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងសហគមន៍៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *