អភិបាលខេត្តពោធិ៍សាត់ បើកយុទ្ធនាការចាក់ប៉េតុងបំពេញគំហុក និងបំបាត់សំបុកមាន់ នៅស្រុកតាលោសែនជ័យ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ពោធិ៍សាត់៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបើកយុទ្ធនាការ ចលនាមន្ត្រីរាជការ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីចាក់ប៉េតុងបំពេញគំហុក និងបំបាត់សំបុកមាន់ ក្នុងគោលបំណងជួសជុល ថែទាំ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ លើកំណាត់ផ្លូវកៅស៊ូ ដែលរងការខូចខាត ត្រង់ចំណុចផ្សារបត់រំដួល ឆ្ពោះទៅបឹងព្រះពន្លាជ័យ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

យុទ្ធនាការដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាការជួសជុលផ្លូវថ្នល់ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការជួសជុល ក្នុងគោលបំណងដើម្បីប្រើប្រាស់បណ្តោះអាសន្ន សំដៅដោះស្រាយការលំបាកជាបន្ទាន់ជូនប្រជាពលរដ្ឋ និងជាសារដាស់តឿនក្រើនរំលឹកដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យចេះយកចិត្តទុកដាក់ខ្ពស់ លើការថែទាំផ្លូវថ្នល់ដែលមានស្រាប់ ជាជាងការរង់ចាំរហូតដល់ខូចខាតទ្រុឌទ្រោមខ្លាំង។

ថ្លែងក្នុងឱកាសចុះដឹកនាំផ្ទាល់ និងបើកយុទ្ធនាការនោះ ឯកឧត្តម ខូយ រីដា បានដាក់ចេញនូវអនុសាសន៍ និងការណែនាំយ៉ាងម៉ឺងម៉ាត់ ដល់អភិបាលក្រុង-ស្រុកទាំងអស់ ដែលបានអញ្ជើញមកចូលរួម ត្រូវចាត់ទុកកិច្ចការនេះជាគំរូដ៏មានតម្លៃ ហើយត្រូវយកស្មារតី និងបទពិសោធន៍នេះ ទៅអនុវត្តសកម្មភាពស្រដៀងគ្នា នៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យបានផុលផុស និងទៀងទាត់។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើ និងលើកទឹកចិត្តយ៉ាងខ្លាំង ដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋាន ឱ្យចេះចូលរួមថែទាំផ្លូវថ្នល់ និងជួសជុលដោយខ្លួនឯងជាប្រចាំ ដោយស្មារតីម្ចាស់ការ ដោយ ឯកឧត្តម បានគូសបញ្ជាក់ថា «កុំរង់ចាំតែគម្រោងថវិកាធ្លាក់ចុះពីលើទើបធ្វើ ពោលគឺដើម្បីរួមចំណែកជួយសម្រាលបន្ទុកដ៏ធំ របស់រាជរដ្ឋាភិបាល» ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ពិសេសកិច្ចការពារជាតិមាតុភូមិ។

ទន្ទឹមនឹងការកសាង និងថែទាំនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវទាំងអស់ក្នុងខេត្ត សូមមេត្តាកុំចាក់ដីលុប ឬសាងសង់ផ្ទះខ្ពស់ជាងកម្រិតផ្លូវ ដែលជាហេតុធ្វើឱ្យទឹកភ្លៀងហូរច្រោះបំផ្លាញ ដែលសកម្មភាពនេះទាមទារឱ្យមានការចូលរួមការពារពីគ្រប់ភាគីទាំងអស់ ទើបធ្វើឱ្យផ្លូវនោះនឹងមិនឆាប់ខូចខាតមុនពេលកំណត់។

ឯកឧត្តម ខូយ រីដា សង្ឃឹមយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការនេះ នឹងជួយបណ្តុះស្មារតីស្រលាញ់ ថែរក្សា និងការពារសម្បត្តិសាធារណៈទាំងអស់គ្នា ដើម្បីផលប្រយោជន៍រួម និងភាពរីកចម្រើនបន្តរហូតតទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *