(ព្រៃវែង) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិកាការងារ” ដែលប្រារព្ធធ្វើឡើងនៅសាលាវិទ្យាល័យប្រមូលព្រហ្ម ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក ប្រធានសាខា ប.ស.ស ខេត្ត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត នាយកមជ្ឈមណ្ឌលការងារខេត្ត មេបញ្ជាការកងកម្លាំងទាំងបីស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មេឃុំ ស្មៀន មេភូមិ នាយប៉ុស្តិ៍រដ្ឋបាលស្រុក យុវជន ស.ស.យ.ក និងមន្ត្រីរាជការពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៦៩២រូប។
វេទិកាការងារនេះធ្វើឡើងក្នុងគោលបំណង៖
-ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និងចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
-ផ្សព្វផ្សាយព័ត៌មានឱកាសការងារ ពីសំណាក់ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ដែលមានតម្រូវការជ្រើសរើសកម្លាំងពលករ និងផ្ដល់ឱកាសដល់ពលករដែលកំពុងស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
-ផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តព្រៃវែង ធ្វើការផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងធ្វើការចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន។

