រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន

(ភ្នំពេញ) :ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានទាំងអស់ ធ្វើការពង្រឹងការផ្សព្វផ្សាយ បំភ្លឺ និងឆ្លើយតបចំពោះព័ត៌មានមិនពិត ទាក់ទងនឹងវិស័យបរិស្ថាននិធនធានធម្មជាតិ។ ការណ៍នេះធ្វើឡើង ដើម្បីការពារកុំ ឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះការខិតខំប្រឹងប្រែងអនុវត្តភារកិច្ច និងកាតព្វកិច្ច របស់មន្រ្តីគ្រប់ថ្នាក់ដើម្បីបុព្វហេតុបរិស្ថាន ការពារសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ និងប្រធានមន្ទីបរិស្ថានទូទាំងប្រទេស នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្ទាល់នៅទីស្តីការក្រសួងបរិស្ថាន និងតាមប្រព័ន្ធអនឡាញ។

ឯកឧត្តមបានណែនាំដល់មន្រ្តីបរិស្ថាន ពង្រឹងការអនុវត្តជំហានទី២ នៃសសរស្តម្ភបៃតង (យុទ្ធសាស្រ្ត២.១) ផ្តោតលើលទ្ធផលជាក់ស្តែង លើការគ្រប់គ្រងធនធានធម្មជាតិ រួមមាន៖
– ការបន្តអនុវត្តច្បាប់១០០% មិនលើកលែងចំពោះការព្រព្រឹត្តបទល្មើសនានា
– ពង្រឹងការសហការជាមួយគណៈបញ្ជាការនៃរដ្ឋបាលខេត្ត ក្រុង ស្រុក កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌
– ពង្រីកកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ជាមួយក្រសួងស្ថាប័ន អង្គការដៃគូសហការ និងអភិវឌ្ឍន៍ សមាគមអង្គការសង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថាន អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋនៅតាមសហគមន៍​មូលដ្ឋាន ដើម្បីការពារព្រៃឈើ និងពង្រីកភាពបៃតង និងការជំរុញការបណ្តុះការដាំដើមឈើ ។

លើសពីនេះ ក្នុងការអនុវត្តជំហានទី២ ក្នុងការគ្រប់គ្រង​ធនធានធម្មជាតិ និងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងជំរុញឱ្យមានការផ្សព្វផ្សាយសកម្មភាព​ការងារសំខាន់ៗរួមមាន យុទ្ធនាការរបស់ក្រសួងបរិស្ថាន​ដើម្បីភាពស្អាត ភាពបៃតង ដូចជាការពង្រឹងការអនុវត្តច្បាប់​គ្រប់គ្រងបរិស្ថាន និងនៅតាមតំបន់ការពារធម្មជាតិ ក្នុងនោះ​ចាត់វិធានការម៉ឹងមាត់ ចំពោះបទល្មើស ធ្វើការពង្រីការស្រាវជ្រាវ និងចាត់វិធានការបញ្ជូនជនល្មើស​ទៅតុលាការ ការសម្រេចក្តីនិងការគ្រប់គ្រងលើសម្ភារៈ​ដកហូតពីបទល្មើស ស្របតាមនីតិវិធីច្បាប់។
លើសពីនេះ​ ការពង្រីក​គម្របបៃតង តាមរយៈការបណ្តុះនិង​បង្កើនការដាំដើមឈើឱ្យបានច្រើន។

«ការពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត និងការឆ្លើយតបបាន​ទាន់ពេលវេលា គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដើម្បី​ជំរុញការចូលរួមការពារបរិស្ថាននិងគ្រប់គ្រងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ប្រសិទ្ធភាពខ្ពស់គឺថា ការបង្កើនការយល់ដឹងជាសាធារណៈ តាមរយៈ​ការផ្សព្វផ្សាយ​ទូលំទូលាយ ដែលជួយឱ្យប្រជាពលរដ្ឋ អាជ្ញាធរ អង្គការសង្គមស៊ីវិល និងដៃគូសហការទាំងអស់ យល់ច្បាស់ពីច្បាប់ ក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន របស់ប្រទេសកម្ពុជា និងស្ថានភាពពិតជាក់ស្តែង នៃភារកិច្ចការងាររបស់​ក្រសួងបរិស្ថាន។ កាលណាប្រជាពលរដ្ឋ ទទួលបាន​ព័ត៌មានច្បាស់លាស់ ពួកគាត់នឹងចូលរួម​ទប់ស្កាត់បទល្មើស​បានលឿន និងមានប្រសិទ្ធភាពជាងមុន និងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ​ប្រកបដោយចីរភាព។» មានប្រសាសន៍បន្ថែម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *