ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នាំយកទៀនព្រះវស្សា និងទេយ្យទានដ៏ច្រើនសន្ធឹកសន្ធាប់ ប្រគេនដល់វត្តចំនួន២៣ ក្នុងស្មារតីគោរពបូជា និងឧទ្ទិសកុសលជូនវីរយុទ្ធជនការពារជាតិ

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមជាមួយ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសមាជិកាសមាគមនារីខេត្ត ប្រគេនទៀនព្រះវស្សា អង្ករ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃដែលត្រៀមគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន២៣វត្ត ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្នុងនោះរួមមានទាំងវត្តកែវវិជ័យ ស្រុកកណ្តៀង (វត្តមេគណខេត្ត)។

ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត។

ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់បំផុតមួយ ដែលតម្រូវឱ្យព្រះសង្ឃគង់ចាំទីវត្តអារាមដោយមិននិមន្តទៅណាឆ្ងាយហួសកំណត់រយៈពេល ៣ខែ (រដូវវស្សា) ស្របតាមពុទ្ធានុញ្ញាត ដើម្បីឱ្យព្រះអង្គបានសិក្សារៀនសូត្រធម៌វិន័យ និងបដិបត្តិសមណធម៌ប្រកបដោយសេចក្តីស្ងប់ស្ងាត់។ ការប្រគេនទៀនព្រះវស្សា និងទេយ្យទាននៅពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ក្នុងការចូលរួមទ្រទ្រង់ និងបន្តពូជពង្ស នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងដើម្បីបង្កើតកុសលផលបុណ្យដ៏ថ្លៃថ្លាសម្រាប់ជីវិតខាងមុខ។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះដែរ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងពុទ្ធបរិស័ទទាំងអស់ បានមូលមតិគ្នាឧទ្ទិសរំលែកនូវផលានុពលកុសលដែលកើតមានឡើងនេះ ជូនចំពោះបុព្វការីជន មានមាតាបិតា ញាតិកាទាំងប្រាំសណ្តាន អ្នកស្នេហាជាតិ និងជាពិសេសគឺ វីរយុទ្ធជន វីរនារី នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពជូនជាតិមាតុភូមិ ក្នុងកំលុងពេលនៃសង្គ្រាមឈ្លានពាន។

ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាក៏បានបួងសួងដល់គុណបុណ្យរតនត្រ័យ និងបារមីវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក តាមជួយបីបាច់ថែរក្សា វីរយុទ្ធជនដ៏ក្លាហាន ដែលកំពុងឈរជើងបំពេញភារកិច្ចការពារជាតិ នៅតាមបន្ទាត់ព្រំដែន សូមឱ្យជួបប្រទះតែសេចក្តីសុខ សុវត្ថិភាព មានកាយសម្បទាមាំមួន បវៀសជៀសឆ្ងាយពីគ្រោះថ្នាក់ទាំងពួង និងទទួលបានជ័យជំនះជានិច្ចលើរាល់ការគំរាមកំហែង ពីសំណាក់សត្រូវថៃឈ្លានពាន។

ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគេនដល់វត្តនីមួយៗរួមមាន៖ ទៀនព្រះវស្សា ១គូ, ស្លាដក់ ១គូ, អង្ករ ១០០គីឡូក្រាម, មីកញ្ចប់ ០៥កេស, ទឹកបរិសុទ្ធ ០៥កេស, ទឹកដោះគោខាប់ ១៥កំប៉ុង, ស្ករស ០៥គីឡូក្រាម, ប្រេងឆា ០៤ដប, ទឹកស៊ីអ៊ីវ ០៣យួរ, ទឹកត្រី ០៣យួរ, សៀង ១យួរ និងបច្ច័យកសាងក្នុង១វត្ត ៧០០,០០០រៀល៕

Ti Amo (ពស)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *