សៀមរាប: នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយុវជនយុវវ័យសិស្សានុសិស្សឱ្យ ជៀសឆ្ងាយពីគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក ស្នងការរងទទួលផែនបទល្មើសប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ។
ក្នុងឱកាសអបអរសាទរនេះ បានដុតបំផ្លាញចោលនូវសារធាតុញៀន និងឧបករណ៍ផ្សេងៗដែលពាក់ព័ន្ធនឹងការផលិត ការជួញដូរ ការចែកចាយ ដែលបានបង្រ្កាបបាននាពេលកន្លងមកសរុបប្រមាណ២១១គីឡូក្រាម រួមមាន ម្សៅក្រាមពណ៌សថ្លា ថ្នាំគ្រាប់ច្រើនប្រភេទ មាន១០ប្រភេទ ទម្ងន់ ២១១គីឡូក្រាម ៧៣១ ក្នុងនោះរួមមាន៖គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន, ហ្វេរ៉ូអ៊ីន, កេតាមីន, មេតំហ្វេតាមីនគ្រាប់, MDMAកញ្ចប់ និង MDMAគ្រាប់, កញ្ឆាក្រៀម, ប្រេងកញ្ឆា បារីអេឡិចត្រូនិច រួមនិងសម្ភារៈឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធបានផ្ញើសារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ យុវជនយុវវ័យសិស្សានុសិស្សតារយៈឱកាសអបអរសាទរ នាពេលនេះឱ្យជៀសឆ្ងាយពីគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត”។ ជាពិសេស លោក អភិបាលរងខេត្ត ក៏បានអានសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលក្នុងសារលិខិតនោះបានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានទូលំទូលាយផងដែរ។

