(កំពង់ចាម) ដើម្បីរក្សានូវប្រពៃណី និងវប្បធម៌ដ៏ល្អពូផង់របស់ខ្មែរយើង នៅ ថ្ងៃអាទិត្យ ទី៧ ខែមិថុនា នេះ អ្នកភូមិថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បានរៀបចំកម្មវិធី “ចាក់បាញ់ឆែវ១០០ខ្ទះ” ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ភ្លក់ ពិសារ ដោយឥតគិតថ្លៃ ស្ថិតក្រោមវត្តមានដ៏កក់ក្តៅពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ យ៉ាងច្រើនកុះករ។
ក្នុងឱកាសនៃការជួបជុំដ៏ប្រកបដោយក្តីសប្បាយរីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញនូវក្តីរំភើប និងការកោតសរសើរ ចំពោះពុកម៉ែ បងប្អូន អ្នកភូមិថ្មី ឃុំកោះសូទិន ទាំងអស់ដែល ដែលបានបង្កើតកម្មវិធីដ៏ពិសេសនេះឡើង ដែលបញ្ជាក់អំពីសាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងសហគមន៍មួយ ប្រប្រកបដោយសុភមង្គល ក្រោមដំបូលនៃម្លប់សុខសន្តិភាព សម័យតេជោ-ធិបតី។
ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អ្នកភូមិថ្មី ឃុំកោះសូទិន បន្តថែរក្សានូវប្រពៃណីដ៏ល្អផូផង់មួយនេះឲ្យបានគង់វង្សយូរអង្វែង៕

