(ព្រៃវែង) :នៅថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នឯក ឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងប្រជាពលករដែលមកពីប្រទេសថៃ ក្នុងឱកាសវេទិកាការងារ នៅវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
រដ្ឋបាលខេត្ត និងមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រៃវែង បានបន្តយុទ្ធនាការ វេទិកាការងារ ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋស្វែងរកការងារធ្វើនៅក្នុងប្រទេស ឱ្យកាន់តែងាយស្រួល។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា ការធ្វើការងារនៅក្នុងប្រទេស គឺមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋ គ្រប់ៗគ្នា ។ ដោយការងារនៅក្នុងស្រុកផ្ដល់ប្រាក់បៀវត្សសមរម្យ មានកន្លែងស្នាក់នៅ មានប្រាក់សោធននិវត្តន៍ និងមានប្រាក់សម្រាប់ពេលលំហែមាតុភាព ដល់កម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាស ដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា។
មួយទៀតនោះគឺប្រជាពលរដ្ឋដែលធ្វើការងារនៅក្នុងប្រទេស ក៏ទទួលបាននូវឱកាស យ៉ាងច្រើនដោយមិនប្រឈមនឹងហានិភ័យផ្សេងៗដូចដែលយើងទៅធ្វើការនៅឯក្រៅប្រទេសនោះទេ។ ឯកឧត្តម អភិបាលខេត្ត ក៏មានប្រសាសន៍បន្ថែមទៀតថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល បាននឹងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដោយគិតអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ បង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីធានាដល់ការរស់នៅជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យមានជីវភាពធូរធារ។
សូមបញ្ជាក់ផងដែរថា វេទិកាការងារនេះ គឺរដ្ឋបាលខេត្ត និងមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងរៀបចំធ្វើ ទាំង ១៣ ក្រុង ស្រុក នៃខេត្តព្រៃវែង ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋដែលមិនទាន់មានការងារធ្វើឱ្យគាត់មានការងារធ្វើបានគ្រប់ៗគ្នា៕

