ខេត្តបៃលិន: ថ្ងៃពុធទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាព នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះឈ្នះនិងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុកមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយ ថ្ងៃទៅមួយថ្ងៃគួរជាទីមោទនៈ។
លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តប៉ៃលិន បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់និងកែរលម្អសោភណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រីការសម្អាតអនាម័យបរិស្ថាននៅតាម ទីសាធារណៈនិងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឱ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយ មានការរីកចម្រើន និងមានទេស ភាពស្រស់បំព្រងបរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតផងដែរ។
លោកជំទាវ ក៏បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសនិងអាជ្ញាធរមូលដ្ឋានធ្វើការកែលម្អហេដ្ឋារចនាសម័ន្ធនិងសោភណភាពខេត្តរបស់យើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត។
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

