ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ១២គ្រួសារ នៅ២ ឃុំ ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា

(កំពង់ចាម) :នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី រួមដំណើរដោយ ឯកឧត្តមនាយកសាខា រួមជាមួយមន្ត្រីអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ៣ភូមិ ក្នុងឃុំតាប្រុក និង ៣ភូមិទៀត ក្នុងឃុំល្វាលើ ស្រុកចំការលើ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ១២គ្រួសារ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៦ល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលពេលនោះ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បក់គួចយ៉ាងខ្លាំង បានបំផ្លាញចំការត្រសក់ ២កន្លែង ទំហំ ៤២អារ ហើយធ្វើអោយផ្ទះ ១០ខ្នង ក្នុងភូមិនាងឡើង ភូមិស្រែប្រាំង-ភូមិត្រពាំងបី- ភូមិ៣ និងភូមិល្វាជើង ត្រូវរបើកដំបូលស័ង្កសី រងផលប៉ះពាល់កម្រិតមធ្យម និងកម្រិតស្រាល ។

ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ លោកជំទាវ ប៉ាង ដានី បាននាំយកនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នពេលមានភ្លៀងផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ទន្ទឹមនេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព សំអាតលំនៅដ្ឋាន អោយបានស្អាតល្អ ហើយកែឥរិយាបថ ទម្លាប់រស់នៅ តាមទិសស្លោក “ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ១២ គ្រួសារនោះ ក្នុង ១គ្រួសារ ទទួលបាន៖អង្ករ ២៥គីឡូក្រាម មី ១កេស -ទឹកត្រី ១យួរ- ទឹកស៊ីអ៊ីវ ១យួរ និង ឃីត ១សម្រាប់ ។ ចំពោះ ថវិកា ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង ពី៣០០.០០០រៀល ដល់ ១០០.០០០រៀល ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *