អភិបាលខេត្តតាកែវ ចុះពិនិត្យខ្សែសង្វាក់ផលិតកម្ម នៃរោងចក្រវិនិយោគថ្មីៗនៅស្រុកសំរោង ដើម្បីបង្កើតការងារជូនពលរដ្ឋ

តាកែវ ៖ នៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារ រួមមាន លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់នូវខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រសហគ្រាស ដែលទើបមកបោះទុនវិនិយោគថ្មីៗ ក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ។

ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងរោងចក្រចំនួន ៣ រួមមាន៖
១/. រោងចក្រ ញូហ្គោលដេន ខហ័រ ហ្គាមិន អ៉ីមប្រយឌើអេនព្រីនធីង ឯ.ក (កាត់ដេរ ប៉ាក់ និងបោះពុម្ភ) ស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង។
២/. រោងចក្រ ស៊ីន ហ្វេង ហឺ ហ្គាម៉ិន (ខេមបូឌា) ឯ.ក (កាត់ដេរសម្លៀកបំពាក់) ស្ថិតនៅភូមិតាមូង ឃុំលំចង់។
៣/. រោងចក្រផលិតឈើច្រត់ឡើងភ្នំ និងសម្ភារៈវេចខ្ចប់ ស្ថិតនៅភូមិស្វាយទង ឃុំខ្វាវ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានមានប្រសាសន៍កោតសរសើរដល់ម្ចាស់រោងចក្រ ដែលបានសម្រេចចិត្តមកបណ្តាក់ទុន វិនិយោគក្នុងខេត្តតាកែវ និងបានជំរុញឱ្យម្ចាស់សហគ្រាស បន្តយកចិត្តទុកដាក់លើលក្ខ ខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករ កម្មការិ នីផងដែរ។

សូមបញ្ជាក់ថា ការរីកដុះដាលនៃរោងចក្រ សហគ្រាសទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តតាកែវ និងការជឿជាក់របស់អ្នកវិនិយោគ ដែលនាំមកនូវ ឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *