(ភ្នំពេញ) : អនុវត្តន៍តាមសេចក្តីណែនាំលេខ០០៧/២៦សណន.ច ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ និងតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។កម្លាំងជំនាញចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចាត់តាំងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះទៅគ្រប់ទីផ្សារធំៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាប្រចាំថ្ងៃ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៧/២៦សណន.ច របស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការត្រួតពិនិត្យជាក់ស្តែង អប់រំណែនាំផ្ទាល់ដល់គ្រប់អាជីវករពាក់ព័ន្ធទាំងអស់ មិនអនុញ្ញាតឱ្យនាំចូល តាំងលក់ នូវកាំភ្លើងបាញ់ទឹក ផាវ កាំជ្រួច ឬគ្រឿងផ្ទុះផ្សេងៗ គ្រប់ប្រភេទនៅលើទីផ្សារ ដែលរដ្ឋបាលរាជធានីភ្នំពេញបានហាមឃាត់៕

