ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

ខេត្តបាត់ដំបង:  សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានអចិន្ដ្រៃយ៍ អនុប្រធាន ហេរញ្ញិគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំង១៤ និងក្រុមប្រតិបត្តិសាខាសរុបចំនួន ៣៦រូប។ កិច្ចប្រជុំនេះ ប្រារព្ធធ្វើនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។

ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម សុខ ផល ប្រធានកិត្តិយសសាខា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅឆ្នាំ២០២៥ សាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបង សម្រេចបានក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមាន ទី១.ការងារគ្រប់គ្រងគ្រោះមហន្តរាយ ទី ២.ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ទី ៣.ការងារលើកកម្ពស់ គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និងទី៤ ការអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍន៍ធនធាន និងឈរលើគោលកាណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយមិនមានការជួយជ្រោមជ្រែងពីអាជ្ញាធរ និងថ្នាក់ដឹកនាំសាខាខេត្ត អនុសាខាក្រុងស្រុកឡើយ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសាខានិងមន្ត្រីក្រុមប្រតិបត្តិសាខា និងអនុសាខាដែលបានខិតខំ បំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌របស់ខ្លួន ក្នុងការជំរុញសកម្មភាពធ្វើឲ្យសម្រេចបាននូវលទ្ធផល គួរឱ្យកត់សំគាល់ ជាពិសេសប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំលោះព្រំដែន និងភៀសសឹកមកកាន់មណ្ឌលសុវត្ថិភាព។

ឯកឧត្តម ក៏បានណែនាំ និងជំរុញអំពីវិធានការចាំបាច់មួយចំនួន ដោយត្រូវត្រួតពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំងមធ្យោបាយ ថវិកានិងសម្ភារៈក្នុងការចុះជួយអន្តរាគមន៍ឆ្លើយតបឲ្យបានទាន់ពេលវេលា ដល់ជនដែលងាយរងគ្រោះក្នុងខណៈពេលមានគ្រោះអាសន្នកើតឡើងនិងគ្រោះមហន្តរាយផ្សេងៗដែលបានកើតឡើងភ្លាមៗ ដោយមិនត្រូវទុកឱ្យមានការរ៉ាំរ៉ៃយូរឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *