ខេត្តសៀមរាប: នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ ដើម្បីរៀបចំសំណើគម្រោងសម្រាប់មូលនិធិឆ្លើយតបនឹងការបាត់បង់ និងការខូចខាតសម្រាប់ប្រទេសកម្ពុជា នៅខេត្តសៀមរាប ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធទាក់ទងទៅនឹងផលប៉ះពាល់ និងខូចខាត ដែលបណ្ដាលមកពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដើម្បីរៀបចំសំណើគម្រោងទៅមូលនិធិឆ្លើយតបនឹងការបាត់បង់ និងខូចខាត នាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយសហការជាមួយអង្គការ UNICEF និងអង្គការ WFP និងមានការអ្ជើញចូលរួមពីលោក លោកស្រី ជាមន្ត្រីជំនាញ និងពាក់ព័ន្ធ។
លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា ទោះខេត្តសៀមរាបមានការអភិវឌ្ឍខ្លាំង ប៉ុន្តែបញ្ហាប្រែប្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជាគ្រោះទឹកជំនន់ និងភាពរាំងស្ងួត។ ជាមួយនេះ ខេត្តក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ ការលើកកម្ពស់គុណភាពសេវាសាធារណៈ ចាប់ពីកម្រិតបឋមសិក្សារហូតដល់ឧត្តមសិក្សា ដើម្បីបង្កើនការយល់ដឹងពីបរិស្ថាន។ ការរៀបចំយុទ្ធសាស្ត្របង្ការគ្រោះមហន្តរាយ និងការបណ្តុះបណ្តាលមន្ត្រីរាជការ និងយុវជន ឱ្យមានចំណេះដឹងក្នុងការបន្ស៊ាំ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ លោកបន្តថា តាមរយៈសិក្ខាសាលានេះ គឺជាឱកាសដ៏សំខាន់សម្រាប់មន្ត្រីជំនាញក្នុងខេត្តសៀមរាប ក្នុងការផ្តល់ធាតុចូល និងទិន្នន័យជាក់ស្តែង ដើម្បីរៀបចំសំណើគម្រោងប្រកបដោយគុណភាព សំដៅស្វែងរកថវិកាពីមូលនិធិអន្តរជាតិ (FRLD) មកដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋានឱ្យចំគោលដៅផងដែរ។
ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សិក្ខាសាលានាពេលនេះ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ហើយកិច្ចការងារនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងគោលនយោបាយជាតិ ជាពិសេសគោលដៅចម្បង គឺការលើកកម្ពស់សុខុមាលភាព និងភាពរុងរឿងរបស់សហគមន៍ ការយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិវឌ្ឍន៍កុមារ និងការអនុវត្តជាក់ស្តែងនៅតាមទីតាំងដែលរងគ្រោះ ឬមានតម្រូវការចាំបាច់។ ឯកឧត្តម មានប្រសាសន៍ថា បច្ចុប្បន្នបញ្ហាប្រឈមនៃគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ និងរលកកម្ដៅ កំពុងជះឥទ្ធិពលយ៉ាងខ្លាំង ដែលស្ថានភាពនេះ ទាមទារឱ្យមានការចូលរួមដោះស្រាយយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងធានានូវចីរភាពនៃបរិស្ថានរស់នៅ។ ជាមួយគ្នានេះ បញ្ហាប្លាស្ទិក តាមរយៈការជំរុញយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» ឯកឧត្តម បានសង្កត់ធ្ងន់លើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា តាមដងផ្លូវសាធារណៈ និងក្នុងមូលដ្ឋានសហគមន៍។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា តាមរយៈគម្រោងនេះផ្តោតលើការកសាងសមត្ថភាពកុមារ និងយុវជនតាំងពីកម្រិតបឋមសិក្សា រហូតដល់ឧត្តមសិក្សា ដើម្បីឱ្យពួកគេមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។ ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន ដើម្បីស្ថាបនាអនាគតមួយដែលយុវជនមានចំណេះដឹងខ្ពស់ ហើយរស់នៅក្នុងបរិស្ថានដែលស្អាត និងសម្បូរទៅដោយធនធានធម្មជាតិ៕

