ខេត្តសៀមរាប: នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសួនច្បារព្រះរាជដំណាក់ លោកស្រី ម៉ននី រង្សី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងកម្មវិធីរត់កម្សាន្ត ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប លើកទី៣ ក្រោមប្រធានបទ “រត់ដើម្បី សុខភាព មិត្តភាព រវាង កងកម្លាំង និងប្រជាពលរដ្ឋ” ដែលរៀបចំដោយ កងរាជអាវុធហត្ថខេត្តសៀមរាប រួមសហការជាមួយ រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញដោយភាពសប្បាយរីករាយ ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
ការរត់កម្សាន្តនេះ មានរយះចម្ងាយ ៣គីឡូម៉ែតត្រ និង៥,៥គីឡូម៉ែត្រ ព្រមទាំងបានទាក់ទាញអ្នកចូលរួមប្រមាណជាង១០០០នាក់។ កម្មវិធីរត់នេះមិនត្រឹមតែសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះក៏បានបង្កើតឱកាសដ៏អស្ចារ្យសម្រាប់ការបង្កើតមិត្តភាព និងដើម្បីលើកកម្ពស់ការហាត់កីឡាដើម្បីរក្សាសុខភាព។

