អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យការងារសាងសង់ផ្លូវបេតុងចំនួន ៣ខ្សែ ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ: រសៀលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យការងារសាងសង់ផ្លូវបេតុងចំនួន ៣ខ្សែ ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហន ព្រមទាំងបានប្រគល់លិខិតថ្លែងអំណរគុណជូនលោកឧកញ៉ា និងសប្បុរសជ​ន ដែលបានជួយសាងសង់ផ្លូវបេតុងនេះ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន​ចំពោះលោកឧកញ៉ា និងបងប្អូនសប្បុរសជនទាំងអស់ ដែលបានជួយសាងសង់ផ្លូវបេតុងនេះឡើង ដើម្បីតភ្ជាប់នូវហេដ្ឋា​រចនាសម្ព័ន្ធពីតំបន់មួយទៅតំបន់មួយនៅក្នុងក្រុងព្រះសីហនុ ជាពិសេសគឺជួយសម្រួលចរាចរណ៍ក្នុងក្រុងរបស់យើងឱ្យកាន់តែមានភាពងាយស្រួល ភាពប្រទាក់ក្រឡា សម្រាប់ទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើង និងសក្តិសមជាទីក្រុងទេសចរណ៍ និងទីក្រុងហិរញ្ញវត្ថុ ប៉ែកនិរតី នៃប្រទេសកម្ពុជា។

ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់មន្ត្រីអគ្គិសនី និងមន្ត្រីរដ្ឋាករទឹក ធ្វើការដាំបង្គោលភ្លើង និងតបណ្តាញទឹកស្អាត ចូលមកតាមបណ្តោយផ្លូវបេតុងទាំង ៣ខ្សែខាងលើ ឱ្យបានលឿនឆាប់ ព្រោះតំបន់អភិវឌ្ឍចាំបាច់ត្រូវការអគ្គិសនី និងទឹក មិនអាចខ្វះបាន។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ​ សហការរៀបចំដាំដើមឈើនៅអមសងខាងផ្លូវបេតុងទាំង ៣ខ្សែខាងលើ ដើម្បីឱ្យក្រុង និងខេត្តរបស់យើងមានសោភណ្ឌភាព និងពណ៌បៃតងស្រស់បំព្រង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *