ខេត្តបាត់ដំបង: ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្នើដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ថែរក្សាអនាម័យបរិស្ថាន បញ្ឈប់ការដុតសំរាម និងការដុតជញ្ជ្រាំងដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។
ការស្នើរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញកំណាត់ផ្លូវលេខ១៥៤ ដោយជួសជុលពង្រីកតួផ្លូវ ក្រាលបេតុងប្រវែង ៧៧៥ម៉ែត្រ ទទឹង ១២ម៉ែត្រ និងស្ថាបនាលូទឹកភ្លៀងបណ្តោយផ្លូវ មុខកាត់ ១ម៉ែត្រសងខាងផ្លូវ ប្រវែង ១៧៥៦ម៉ែត្រ អណ្តូងលូចំនួន ៦២កន្លែង និងខឿនបេតុងចិញ្ចើមផ្លូវប្រវែង ១៨២០ម៉ែត្រ ស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានជំរុញប្រជាពលរដ្ឋឱ្យចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃ App NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%។
ឆ្លៀតឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរសង្កាត់ ក្រុង ត្រូវជំរុញពន្លឿនការរំដោះដីចំណីផ្លូវ កាត់សំយាប និងរុះរើរសំណង់ផ្សេងៗដែលសង់រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋបញ្ឈប់ការសាងសង់សំយាប និងសំណង់ផ្សេងៗលើដីចំណីផ្លូវ រៀបចំការលក់ដូរនៅក្នុងផ្ទះឱ្យមានរបៀបរៀបរយមិនត្រូវលក់ដូរលើដីចំណីផ្លូវឡើយ។
ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្ថែមថា ផ្លូវនៅក្នុងក្រុងបាត់ដំបងទាំងអស់នឹងត្រូវបើកការដ្ឋានជួសជុល និងសាងសង់ថ្មីឡើងវិញជាបន្តបន្ទាប់ទៅតាមដំណាក់កាលដើម្បីសម្រួលដល់ធ្វើការដំណើររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្ត បានបង្ហាញចក្ខុវិស័យក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងស៊ីវិល័យ ស្អាត ស្មាត បៃតង និងងាយស្រួលដើរ៕

