ភ្នំពេញ: នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Steve Daines សមាជិក ព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋនៃរដ្ឋ Montana ជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានវាយ តម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ បន្ថែមលើនេះ, ឯកឧត្តមក៏បានបញ្ជាក់ជូនសម្ដេចធិបតីផងដែរថា កម្ពុជានិងសហរដ្ឋអាមេរិកនៅមានសក្តានុពលលើវិស័យសំខាន់ៗជាច្រើនទៀតដែលអាចបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរួមមានទាំងវិស័យថាមពលនិងធនធានរ៉ែដោយឯកឧត្តមបានគូសបញ្ជាក់ពីការគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យានិងអ្នកជំនាញរបស់សហរដ្ឋអាម៉េរិកលើវិស័យទាំងពីរនេះសំដៅពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតប, សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម ដោយសង្កត់ធ្ងន់ថាសហរដ្ឋអាម៉េរិកនៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជាខណៈរាជរដ្ឋាភិបាលកំពុងខិតខំជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។ សម្តេចធិបតីបានសម្តែងនូវការពេញចិត្តចំពោះសកម្មភាពធុរកិច្ចរបស់បណ្តាក្រុមហ៊ុននិងសហគ្រាសអាមេរិកដែលកំពុងបណ្តាក់ទុនវិនិយោគនៅកម្ពុជាព្រមទាំងបានបង្ហាញជំនឿជាក់ថា វិនិយោគិនអាមេរិកនឹងបន្តស្វែងរកកាលានុវត្តភាពនិងសក្តានុពលថ្មីៗបន្ថែមទៀតដើម្បីពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃវិញ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានដើរតួនាទីនិងជួយសម្រប សម្រួលយ៉ាងសកម្មឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ នាពេលកន្លងមកនិងនៅតែបន្តយកចិត្តទុកចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយសហរដ្ឋអាមេរិកនៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
បន្ថែមពីនោះ សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្ដមសមាជិកព្រឹទ្ធសភាអាមេរិកអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិនិងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

