សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជពិធីបុណ្យអុំទូក គ្រប់រាជធានី-ខេត្ត បានប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសប្បាយរីករាយ

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយ:បណ្ដាញសង្គម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ គ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសបានដំណើរការរយៈពេល៣ថ្ងៃ ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាពនិងសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិដែលបានមានវត្តមាននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជានៅទូទាំង ២៥ រាជធានី-ខេត្ត។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអរគុណដល់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់និងក្រុមការងារដែលពាក់ព័ន្ធ រួមទាំងក្រុមការងារស្ម័គ្រចិត្តដែលបានចំណាយពេលវេលារៀបចំកម្មវិធីកម្សាន្តនានា ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អ រក្សាអនាម័យព្រមទាំងចូលរួមសហការរៀបចំក្នុងការបង្កភាពសប្បាយរីករាយជូនដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវទេសចរបានចូលរួមលេងនៅតាមរមណីយដ្ឋាននានាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។

សម្ដេចធិបតី ក៏បានជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូននិងក្មួយៗទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងពេលធ្វើដំណើរនិងសូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពព្រមទាំងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួននិងជោគជ័យគ្រប់ភារកិច្ច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *