អភិបាលខេត្តពោធិ៍សាត់ លើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបឱ្យខាងតែបាន នូវឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ក្នុងមូលដ្ឋានខេត្ត

ខេត្តពោធិ៍សាត់:  ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបឱ្យខាងតែបាន នូវឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ក្នុងមូលដ្ឋានខេត្ត ដើម្បីធានាបានសន្តិសុខ និងកិត្តិយសរបស់ខេត្ត។

ការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តម ខូយ រីដា បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តម វ៉ាង វិនប៊ីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅខេត្តពោធិ៍សាត់ ដែលនេះសបញ្ជាក់ឱ្យឃើញ ពីចំណងមិត្តភាពដែកថែបដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ឯកឧត្តម បានបង្ហាញនូវជំហរយ៉ាងមុតមាំ និងបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបឱ្យខាងតែបាន នូវឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) នៅក្នុងមូលដ្ឋានខេត្ត ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងកិត្តិយសរបស់ខេត្ត។

ឯកឧត្តម វ៉ាង វិនប៊ីន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ដល់អាជ្ញាធរខេត្តពោធិ៍សាត់ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online)។ ជាមួយគ្នានោះ ឯកឧត្តម បានស្នើរដ្ឋបាលខេត្ត ជួយការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋចិនដែលរស់នៅ និងប្រកបអាជីវកម្មក្នុងខេត្ត ហើយភាគីចិនត្រៀមខ្លួនសហការជានិច្ចក្នុងការដឹកជញ្ជូនពលរដ្ឋខ្លួនត្រឡប់ទៅមាតុភូមិវិញ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា ខេត្តពោធិ៍សាត់គឺជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ក្រុមហ៊ុនចិន លើវិស័យកសិដ្ឋានដំឡូងមី រោងចក្រកាត់ដេរ និងថាមពលវារីអគ្គិសនី…។ល។ ឯកឧត្តម បានសន្យាថា នឹងបន្តជំរុញឱ្យវិនិយោគិនចិនមកបណ្តាក់ទុនបន្ថែមទៀត ពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្រុកក្រគរ ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងតំបន់។

ឯកឧត្តម វ៉ាង វិនប៊ីន បានស្នើឱ្យខេត្តពោធិ៍សាត់បង្កើត សម្ព័ន្ធមេត្រីភាព ជាមួយខេត្តណាមួយនៃប្រទេសចិន ដើម្បីបង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនឹងនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចូលរួមក្នុង មហាសន្និបាតលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសចិន នាពេលខាងមុខផងដែរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិនប៊ីន បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, លោកបានបង្ហាញពីគោលជំហររបស់ចិនក្នុងការដើរតួជាអ្នកសម្រុះសម្រួល ដើម្បីបញ្ចប់ជម្លោះ និងស្វែងរកផលប្រយោជន៍រួមសម្រាប់ ភាគីទាំងពីរ។ កន្លងមកចិនបានចាត់តាំងបេសកជនពិសេស ដើម្បីចុះអង្កេតផ្ទាល់តាមបណ្តោយព្រំដែន ទាំងកម្ពុជា-ថៃ។

ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីចិន ដែលបានជំរុញអ្នកវិនិយោគមកកាន់ខេត្តពោធិ៍សាត់ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ ក្នុងនាមរដ្ឋបាលខេត្ត លោកបានសម្តែងនូវការត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតចិន ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន និងប្រជាពលរដ្ឋចិនដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *