ទីបំផុត! ប្រទេសថៃទទួលស្គាល់ហើយថា ខ្លួនពិតជាប្រើប្រាស់សារធាតុគីមី ផូស្វ័រពណ៌ស បាញ់ស្រោចលើកងទ័ពកម្ពុជាមែន

ការទទួលស្គាល់នេះគឺចេញពីមាត់អ្នកនាំពាក្យកងទ័ពជើងគោកថៃលោក វិនថៃ ស៊ូវ៉ារី នៅថ្ងៃអង្គារទី១៩ខែសីហាឆ្នាំ២០២៥ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Thai Enquirer។
លោកវិនថៃនិយាយថា កងទ័ពថៃបានប្រើសារធាតុគីមីនេះក្នុងការប្រយុទ្ធចន្លោះថ្ងៃទី២៤-២៨ខែកក្កដា។ ទន្ទឹមនោះ អ្នកនាំពាក្យរូបនេះនិយាយការពារខ្លួនទាំងមិនខ្មាសមាត់ថា ថៃកាន់កាប់និងប្រើប្រាស់ផូស្វ័រពណ៌ស ដោយគោរពតាមច្បាប់អន្តរជាតិ គ្រប់គ្រងយ៉ាងតឹងរ៉ឹងនិងប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមអង្គការសុខភាពពិភពលោក ផូស្វ័រពណ៌ស មានគ្រោះថ្នាក់ដល់មនុស្សតាមរយៈការប៉ះពាល់ដល់ក្នុងរបៀបណាក៏ដោយ។
ផ្សែងដែលបានមកពីការដុតផូស្វ័រក៏មានគ្រោះថ្នាក់ដល់ភ្នែក និងផ្លូវដង្ហើមផងដែរ ដោយសារតែវត្តមានរបស់អាស៊ីដផូស្វរិចនិងផូស្វីន។
សូមជម្រាបថា ផូស្វ័រពណ៌ស គឺជាសារធាតុគីមីមួយប្រភេទដែលមានប្រតិកម្មខ្លាំង និងគ្រោះថ្នាក់បំផុត។ វាត្រូវបានប្រើនៅក្នុងគ្រាប់បែកឬគ្រាប់កាំភ្លើងធំ ដើម្បីដុតបំផ្លាញគោលដៅ។ ដោយសារតែវាឆេះខ្លាំងនិងពិបាកពន្លត់ សារធាតុនេះអាចបង្កជារបួសធ្ងន់ធ្ងរដល់មនុស្ស ព្រោះតែវាអាចជ្រាបចូលស្បែកនិងឆ្អឹង។
លើសពីនេះ វាបញ្ចេញផ្សែងពណ៌សក្រាស់ៗ ដើម្បីបាំងមិនឲ្យសត្រូវមើលឃើញស្រួល ម្យ៉ាងវិញទៀត គេក៏ប្រើ ផូស្វ័រពណ៌ស ដើម្បីបំភ្លឺទីលានប្រយុទ្ធនៅពេលយប់ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *