ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង ពិធីនេះប្រព្រឹត្តទៅនៅ សាលប្រជុំធំ “A” នៃសាលាខេត្តព្រៃវែង។
ពិធីនេះ ក៏មានអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, អគ្គស្នងការនគរបាលជាតិ និងប្រតិភូអមដំណើរ ប្រធានក្រុមប្រឹក្សា-អភិបាលខេត្តព្រៃវែង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងសមាជិក សមាជិកាសរុបចំនួន ៤៨១រូប។
ពិធីសន្និបាតនេះ ធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការបំពេញការងារក្នុងឆ្នាំ២០២៥ តាមរយៈការលើកឡើងនូវបញ្ហាប្រឈមនានាដែលបានជួបប្រទះ និងទទួលបានការចូលរួមពីគ្រប់ផ្នែកដែលពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះឱ្យបានទាន់ពេលវេលា ក្នុងគោលដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងភាពជឿទុកចិត្តបានពីប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងទទួលបាននូវសុខសុវត្ថិភាព តាមរយៈគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ស្របតាមមាគាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានប្រគល់ម៉ូតូចំនួន ៤០គ្រឿង ផ្តល់ជូនដល់អធិការនគរបាលក្រុង ស្រុកចំនួន៥ រួមមាន៖ ក្រុងព្រៃវែង, ស្រុកស្វាយអន្ទរ, ស្រុកកញ្រ្ជៀច, ស្រុកកំចាយមារ និងស្រុកបាភ្នំ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនផងដែរ៕

