(កំពង់ចាម): អនុវត្តតាមសារាចរណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្កែម អនឡាញ (Online Scams) កុំឱ្យកើតមាននៅលើទឹកដីខេត្តកំពង់ចាម, នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុវត្តផែនការផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្កែម អនឡាញ (Online Scams) ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, លោកស្នងការ ស្នងការរង និងមន្ត្រីពាក់ព័ន្ធ ស្ថិតនៅសលាប្រជុំខេត្ត។
ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ (Online Scams) កុំឱ្យកើតមាននៅក្នុងខេត្តកំពង់ចាម រួមនឹងការពង្រឹងលើការអនុវត្តគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានារក្សាឱ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ ដើម្បីភាពសុខដុមរមនារបស់ប្រជាជន។
ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឱ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ដោយត្រូវធានាថាមិនឱ្យបទបញ្ជារបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល ធ្លាក់ដល់ដីទាន់ឡើយ ពោលគឺត្រូវរួមគ្នាអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា៕

