(ភ្នំពេញ) ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលសម្របសម្រួលជាមួយពលរដ្ឋអាជីវករអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដេីមគ នាព្រឹកថ្ងៃទី១៩ ខៃមករា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថាកន្លងមក អាជ្ញាធរបានអត់ធ្មត់បំផុត ចំពោះការលក់ដូរគ្មានសណ្ដាប់ធ្នាប់នេះ ព្រោះគិតពីជីវភាពរបស់បងប្អូន ។ ម្យ៉ាងទៀត ដោយសារពុំទាន់រកទីតាំងសមរម្យសម្រាប់ផ្លាស់ប្ដូរជូនបាន ។ ប៉ុន្តែពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានរកទីតាំងសមស្រប និងមានលក្ខខណ្ឌអនុគ្រោះជាច្រើនបានហើយ នោះគឺផ្សារ ដើមគថ្មី ហើយបេីបងប្អូនមិនចង់ទៅផ្សារថ្មីនោះ បងប្អូនអាចកទីតាំងឯកជនណា ផ្សេងទៀតក៏បាន តែហាមដាច់ខាតមិនឱ្យលក់លេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ឡេីយ។ សូមបងប្អូនចូលរួមសហការ ជាមួយអាជ្ញាធរ ដេីម្បីលេីកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈរបស់រាជធានីភ្នំពេញយេីង ។
លក្ខខណ្ឌមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញផ្តល់ជូន បងប្អូន អ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ក្នុងតំបន់ជុំវិញផ្សារដើមគ រួមមាន ៖
១. អាចមានជម្រើសផ្លាស់ប្ដូរទៅលក់ នៅផ្សារដេីមគថ្មី ដែលអាជ្ញាធរធ្លាប់ សម្របសម្រួលជូនកន្លងមក ឫទៅរកទីតាំងឯកជនផ្សេងទៀតដែលខ្លួនគិតថា ងាយស្រួល ប៉ុន្តែមិនមែនលក់លេីផ្លូវសាធារណៈ ។
២. ក្នុងដំណាក់កាលនេះ បេីបងប្អូនមានបញ្ហាខ្វះខាតជីវភាពខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយទំនុកបម្រុង ជាអង្ករជូន។
៣. មិនត្រូវបន្តលក់ដូរលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដាច់ខាត។
សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃដដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជួបសំណេះសំណាលសម្របសម្រួលជាមួយពលរដ្ឋអាជីវករលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវក្បែរផ្សារដើមគក្នុងខណ្ឌទួលគោកបន្តទៀតដែរ៕

