អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារ ចុះដាំដើមឈើប្រភេទកូនក្ងោក នៅតាមជុំវិញមាត់បឹងអាងវារីអគ្គិសនីស្ទឹងអាតៃ

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីរាជការ នៃរដ្ឋបាលសាលាខេត្ត ចុះដាំដើមឈើ ប្រភេទកូនក្ងោក នៅតាមជុំវិញមាត់បឹងអាងវារីអគ្គិសនីស្ទឹងអាតៃ ត្រង់ចំណុចតាឡោះ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ដើម្បីការពារការទន្ទ្រានដី សម្រាប់ជាឧត្តមប្រយោជន៍ លើផ្នែកបរិស្ថាន បច្ចេកទេស និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ដោយទទួលបានអនុសាសន៍គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការដាំស្តារឈើលម្អជុំវិញផ្ទៃអាង និងគ្រប់គ្រងដីចំណីអាងវារីអគ្គិសនីឡើងវិញ ពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់នោះ, រូបឯកឧត្តមបានដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលសាលាខេត្ត រដ្ឋបាលសាលាស្រុក មន្ទីរអង្គភាព សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចាប់ផ្តើមធ្វើការដាំដុះដើមឈើ ប្រភេទកូនក្ងោក ព្រមទាំងឈើលម្អផ្សេងៗទៀតឡើងវិញ ជាបន្តបន្ទាប់ ដើម្បីជាសារមួយ ក្នុងការទប់ស្កាត់ការកាប់ទន្ទ្រានដីចំណីអាងធ្វើជាកម្មសិទ្ធិផង និងដើម្បីលើកសម្រស់ឃុំអូរសោម សាកសមជាឃុំទេសចណ៍ដ៏ប្រណិតផង។

ឯកឧត្តមបានជម្រាបជូនថា ការដាំដើមឈើជុំវិញផ្ទៃអាងវារីអគ្គិសនី មិនត្រឹមតែជាវិធានការរដ្ឋបាលដើម្បីការពារដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដូចជា៖ ក្នុងការគ្រប់គ្រង កំណត់ព្រំប្រទល់ដីរដ្ឋ ឬដីអាងវារីអគ្គិសនី, កាត់បន្ថយការបាក់ដី និងល្បាប់ មិនឱ្យហូរច្រោះចូលក្នុងអាង, រក្សាកម្រិតទឹកមានស្ថិរភាពជាងមុន ជួយរក្សាសំណើម និងកាត់បន្ថយការភាយចំហាយទឹកពីផ្ទៃដីជុំវិញអាង, បង្កើនជីវៈចម្រុះ ដែលមានប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីជុំវិញតំបន់, បន្សុតខ្យល់ និងតុល្យភាពអាកាសធាតុ ធ្វើឱ្យអាកាសធាតុជុំវិញតំបន់អាងមានភាពត្រជាក់ត្រជុំ។

ឯកឧត្តមអភិបាលខេត្តបន្តថា សម្រាប់អត្ថប្រយោជន៍ដ៏វិសេសវិសាលទៅទៀតនោះ គឺផ្តល់ជាកន្លែងទេសចរណ៍ធម្មជាតិ ដែលមានព្រៃឈើខៀវស្រងាត់ អាចប្រែក្លាយទៅជាតំបន់ទេសចរណ៍សម្រាកកាយ ដែលបង្កើតចំណូលដល់សហគមន៍មូលដ្ឋាន។ មួយវិញទៀត ប្រសិនបើដាំដើមឈើហូបផ្លែ ឬឈើប្រើប្រាស់តាមលក្ខណៈបច្ចេកទេស អ្នកភូមិក៏អាចទាញយកផល តាមរយៈការលក់ផលដំណាំនោះ ដល់ភ្ញៀវទេសចរផងដែរ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ក៏បានដឹកនាំមន្ត្រីរាជការ នៃរដ្ឋបាលសាលាខេត្ត ធ្វើដំណើរបន្តទៅទស្សនកិច្ចសិក្សា នៅទំនប់វារីអគ្គិសនីអាតៃមួយ និងស្ពានតេជោសន្តិភាពឬស្សីជ្រុំ (ស្ពានខ្ពស់ជាងគេនៅកម្ពុជា) ដែលស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
គួរជម្រាបជូនថា វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានគ្រប់គ្រង និងវិនិយោគដោយក្រុមហ៊ុន China Datang Corporation (តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធគឺ Datang (Cambodia) Hydropower Development Co., Ltd.) ក្នុងរយៈពេលសម្បទាន ៣០ឆ្នាំ។

វារីអគ្គិសនីស្ទឹងអាតៃ មានសមត្ថភាពផលិតថាមពលសរុប ១២០មេហ្គាវ៉ាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០១៤ ក្រោមការត្រួតពិនិត្យបច្ចេកទេស និងកិច្ចសន្យា ដោយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា (EDC)។ គម្រោងនេះ ជាប្រភពថាមពលដ៏សំខាន់មួយសម្រាប់ផ្គត់ផ្គង់ដល់បណ្តាញជាតិ ជាពិសេសសម្រាប់តំបន់ភាគខាងលិច និងរាជធានីភ្នំពេញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *