អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីជំនាញ និងអជ្ញាធរមូលដ្ឋាន ពង្រឹងការគ្រប់គ្រងអាជីវកម្មដឹកអាចម៍ដី និងការចុះបង្រា្កបល្បែងស៊ីសងគ្រប់ប្រភេទ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ពង្រឹងការគ្រប់គ្រងអាជីវកម្មដឹកអាចម៍ដី ដែលប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងការចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែង ស្កែមអនឡាញ។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំក្រុមការងារ ដើម្បីចុះតាមដានអំពីការប្រកបសេវាកម្មអាចម៌ដី រណ្តៅដីចល័តដីក្រហម ខ្សាច់ ឬគ្រួស ដើម្បីងាយស្រួលក្នុង ការគ្រប់គ្រង ការប្រមូលចំណូល និងការរៀបចំសោភ័ណភាពតាមបណ្តាក្រុង-ស្រុក។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យោងតាមសេចក្ដីណែនាំ លេខ០០១ សណន, ដោយមើលឃើញថា ការជីកយកអាចម៍ដីដើម្បីចាក់បំពេញលើទីតាំងនៃការអភិវឌ្ឍ ដូចជា រោងចក្រ សហគ្រាស លំនៅដ្ឋាន ជាដើម គឺមានការកើនឡើង ហើយក្រុមហ៊ុនប្រកបអាជីវកម្មអាចម៍ដីក៏មានកាន់តែកើនឡើងផងដែរ។ ក្នុងស្ថានភាព នេះមានក្រុមហ៊ុនមួយចំនួនធំបានគោរពច្បាប់ និងក្រុមហ៊ុនមួយចំនួនតូចមិនបានគោរពច្បាប់ត្រឹមត្រូវនៅឡើយ។

ដើម្បីធានាបាននូវនិរន្តរភាព នៃការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការណែនាំដូចខាងក្រោម៖
ទី១-រដ្ឋបាលក្រុង-ស្រុក ត្រូវពិនិត្យទីតាំងដី នៃការស្នើសុំធ្វើអាជីវកម្មជីកយកអាចម៍ដី ដោយធានាថា មិនប៉ះពាល់ដីសាធារណៈរបស់រដ្ឋ។
ទី២-ត្រូវបានហាមឃាត់ ការជីកកាយ ផ្លាស់ប្តូរស្ថានភាពដី និងជីកយកអាចម៍ដី ចំពោះប្រភេទដី អាស្រ័យផលគ្រប់ប្រភេទ។
ទី៣-ការស្នើសុំចាក់បំពេញអាចម៍ដី អាជ្ញាធរមានសមត្ថកិច្ចត្រូវពិនិត្យរាល់សំណុំឯកសារកាន់កាប់ដី (វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ) ដើម្បីឲ្យប្រាកដថា ទីតាំងដីជាកម្មវត្ថុនៃការស្នើសុំ គឺតែមួយ។
ទី៤-ករណីការធ្វើអាជីវកម្មនៅទីតាំងដីសាធារណៈរបស់រដ្ឋ ត្រូវពិនិត្យ សម្រេចពីអង្គភាពជំនាញ ពាក់ព័ន្ធ និងស្នើសុំគោលការណ៍ឯកភាពពីឯកឧត្តមអភិបាលខេត្តជាមុន។
ទី៥-ក្នុងករណីពិនិត្យឃើញថា មានការបំពានចំណុចខាងលើ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅមូលដ្ឋាន ពិសេសបទល្មើសស្កែម អនឡាញ និងការជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ហើយបើមានមន្ត្រីណាពាក់ព័ន្ធ ឬនៅពីក្រោយខ្នង និងត្រូវបណ្តេញចេញចេញពីក្របខណ្ឌ រួមនឹងការដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ពិសេសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ ត្រូវបន្តពង្រឹងគុណភាព ក្នុងការផ្តល់សេវាសាធារណៈនៅគ្រប់កំរិត ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព រហ័ស គណនេយ្យភាព និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងការជឿទុកចិត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *