រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តវិធានការ ដោយជំរុញឱ្យអ្នកលក់ដូរបន្លែ ផ្លែឈើ ដែលគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគរចាស់ នៅថ្ងៃទី១៨ ខែមករាខាងមុខនេះ!

(ភ្នំពេញ) ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមករាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តវិធានការ ដោយជំរុញឱ្យអ្នកលក់ដូរបន្លែ ផ្លែឈើ ដែលគ្មានសណ្ដាប់ធ្នាប់នៅលេី ដងផ្លូវ លេីចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានា នៅតំបន់ជុំវិញផ្សារដេីមគរចាស់ក្នុងខណ្ឌទួលគោក ខណ្ឌ​បឹងកេងកង​ ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ​ ក្នុងខណ្ឌព្រែកព្នៅ គឺមិនអនុញ្ញាតិឱ្យពួកគាត់លក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលេីដងផ្លូវ និងលើចិញ្ចើមផ្លូវនេះតទៀតទេ។

ការបញ្ជាក់បែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមាន ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លេីកឡេីងថា៖ អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់នៅលេីដងផ្លូវ លេីចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានា នៅតំបន់ជុំវិញផ្សារដេីមគរ មានចំនួនជាង​ ៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ ខែមករាខាងមុខនេះតទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យលក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ​ ក្នុងខណ្ឌព្រែកព្នៅ។​ រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ មកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ។ គេនឹងសួរថាចុះកន្លងមកហេតុអ្វីបានរដ្ឋបាលរាជធានីមិនអនុវត្តវិធានការបែបនេះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរ តែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយ ទើបយើងឱ្យពួកគាត់ចាកចេញពីលើទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ។ ចំពោះបងប្អូនដែលផ្លាស់ទៅទីតាំងថ្មីនេះ បងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត់ ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានជម្រាបជូនក្រុមប្រឹក្សារាជធានីភ្នំពេញ អំពីការងាររក្សាសន្តិសុខ សុវត្ថិភាព ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ ជាមួយនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទបានជាបន្តបន្ទាប់ផងដែរ រហូតដល់រដ្ឋបាលរាជធានីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំង។ បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានជម្រាបជូនក្រុមប្រឹក្សារាជធានីភ្នំពេញ លើការងារជួយឧបត្ដមចំពោះវីរៈកងទ័ពជួរមុខនិងជនភៀសសឹកផងដែរ ដោយឯកឧត្ដមបានបញ្ជាក់ថា៖ អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងអំណោយរបស់សប្បុរសជននានា ដែលបានប្រគល់ជូនមករដ្ឋបាលរាជធានី យើងបានបញ្ជូនដល់ដៃវីរៈកងទ័ពជួរមុខ វីរៈកងនគរបាលជាតិនិងជនភៀសសឹកយ៉ាងពិតប្រាកដ ដែលបង្ហាញឱ្យឃើញពីការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្ដម​ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ កន្លងមកនេះ មានសារព័ត៌មានមួយចំនួនតូច​ បានផ្សព្វផ្សាយព័ត៌មានមិនពិត ថាផ្សារដើមគរត្រូវផ្លាស់ប្តូរទីតាំងថ្មី តែធាតុពិតផ្សារដើមគរមិនត្រូវបានផ្លាស់ប្តូរនោះទេ អ្វីដែលត្រូវផ្លាស់ប្តូរ គឺអ្នកលក់ដូរបន្លែផ្លែឈើ គ្មានសណ្ដាប់ ធ្នាប់នៅលេីដងផ្លូវ លេីចិញ្ចើមផ្លូវ នៃមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវ នានា នៅតំបន់ជុំវិញផ្សារដេីមគរប៉ុណ្ណោះ ដែលត្រូវផ្លាស់ប្តូរទៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ​ ក្នុងខណ្ឌព្រែកព្នៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *