អភិបាលខេត្តព្រៃវែង អមដំណេីរ​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពចំនួន២រូប ដែលបានពលីជីវិតនៅ​សមរភូមិ

(ព្រៃវែង) :នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និង​លក  ជូន បូរ៉ា​នី រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងក្រុមការងារអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខក្រុមគ្រួសារវីរយុទ្ធជនពលី និងគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនពលី ០២រូប ស្ថិតនៅក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច និងភូមិដូនទុង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទុកជាសក្ខីភាពដល់វីរភាពមិនអាចកាត់ថ្លៃបានលើសមរភូមិមុខដើម្បីការពារជាតិមាតុភូមិ។ បន្ថែមពីលើការសំណេះសំណាល និងសាររំលែកទុក្ខ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់ក្រុមគ្រួសារយុទ្ធជនពលីផងដែរ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំរកអ្វីប្រៀបផ្ទឹមពុំបាននេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបង្ហាញនូវសេចក្តីស្រណោះអាឡោះអាល័យរកទីបំផុតគ្មានជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់នូវស្វាមី កូន បងប្អូន សាច់ញាតិជាទីស្រលាញ់ដ៏មានគុណធម៌ សុជីវធម៌ កតញ្ញូវេទិតាធម៌ចំពោះជីដូន ជីតា ឳពុកម្តាយ និងបងប្អូន ជាពិសេស បាត់បង់ដ៏ធំធេងនូវពលទាហានដ៏អង់អាចក្លាហាន ដែលតែងតែលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធ្វើពលីកម្មគ្រប់បែបយ៉ាងរហូតដល់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទាំងមូល និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ពទាំងពីរ បានចាប់បដិសន្ធិក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *