ឯកឧត្តម សុខ លូ និងសហការី បន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខ ចំនួន៤៦០គ្រួសារ នៅស្រុកបវេល

(បាត់ដំបង) :រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែន នៅស្រុកបវេល ចំនួន៤៦០គ្រួសារ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម សុខ លូ លើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។

ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ការយកចិត្តទុកដាក់នេះ ដើម្បីកុំឱ្យបងប្អូនវីរកងទ័ពមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ សាច់ញាតិឡើយ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូចនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន និងក្រើនរំលឹកបងប្អូនត្រូវរួបរួមគ្នា និងជឿជាក់លើរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកដ៏ឈ្លាសវៃ សម្តេចទ្វេតែងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរកងទ័ពជានិច្ច។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *