“ពិធីធម្មយាត្រាសន្តិភាព ក្នុងរាជធានីភ្នំពេញ អំពាវនាវរក្សាបទឈប់បាញ់ជានិរន្តរ៍ កម្ពុជា-ថៃ ដោះលែងទាហានខ្មែរ ១៨ រូប និងគាំទ្រការខិតខំរបស់ថ្នាក់ដឹកនាំក្នុងការពារសន្តិភាព សុវត្ថិភាព និងស្ថេរភាពប្រទេស”

(ភ្នំពេញ) :គណៈសង្ឃនាយកទាំងពីរគណៈ បានរៀបចំពិធីធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាពនៃប្រទេសទាំងពីរ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។

ពិធីនេះមានការយាងពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងនិមន្តពីសំណាក់សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះមេគណ និងព្រះរាជាគណៈតាមឋានានុក្រម ព្រះមន្ត្រីសង្ឃសរុបចំនួន ២៥៦៩អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីជាច្រើននាក់ផងដែរ។

សូមជម្រាបថា ព្រះសង្ឃដែលនិមន្តមកដង្ហែក្បួនធម្មយាត្រានេះ និមន្តមកពី១៨វត្ត ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានវត្តបទុមវតីរាជវរារាម វត្តឧណ្ណាលោម វត្តមហាមន្ត្រី វត្តនួនមណីរាម ហៅវត្តថាន់ វត្តលង្កា វត្តនាគវ័ន វត្តស្ទឹងមានជ័យ វត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស វត្តវារិន្ទព្រែកលាប វត្តជម្ពូវ័ន វត្តសារវ័នតេជោ វត្តស្រះចក វត្តទួលទំពូង វត្តព្រះពុទ្ធមានបុណ្យ វត្តកោះ វត្តព្រះពុទ្ធឃោសាចារ្យ វត្តញាណរង្សី និងវត្តចិនដំដែក។

ពិធីធម្មយាត្រាសន្តិភាពនេះបានចាប់ផ្តើមដង្ហែចាប់ពីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រួចបន្តដង្ហែ ក្បួនធម្មយាត្រានេះ ឆ្ពោះទៅកាន់វិមានឯករាជ្យ។

គោលបំណងសំខាន់ៗចំនួន៣ ដែលប្រារព្ធពិធីធម្មយាត្រានាឱកាសនេះ គឺ៖
– សុំបិណ្ឌបាត្រឲ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ
– សុំបិណ្ឌបាត្រភាគីថៃ ក្នុងនាមជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា ឲ្យមានការដោះលែង កងទ័ពខ្មែរចំនួន១៨រូប ដែលត្រូវបានចាប់ជាចំណាត់ខ្មាំង
– សុំបិណ្ឌបាត្រដល់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ រក្សាសន្តិភាព ស្ថេរភាពសម្រាប់ប្រជាជាតិនៃប្រទេស ទាំងពីរជានិរន្តរ៍
ប៉ុន្តែព្រះរាជាណាចក្រកម្ពុជាយើង បានរក្សាជំហរយ៉ាងរឹងមាំ ក្នុងការគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Putrajaya ប្រទេសម៉ាឡស៊ី កន្លងទៅនេះ។ បទឈប់បាញ់នេះ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីស.រ.អា ក្នុងនោះក៏មានការចូលរួមពីសាធារណរដ្ឋប្រជាមានិតចិន និងប្រធានប្តូរវេនអាស៊ាន ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទាំងទ្វេមានព្រះរាជឱង្ការថា ព្រះរាជាណាចក្រកម្ពុជា ពិតជាត្រូវការសន្តិភាព ស្ថេរភាព សុវត្ថិភាព និងការការពារសន្តិភាព ព្រោះសន្តិភាពគឺជាឬសគល់នៃការអភិវឌ្ឍន៍។

ដោយមើលឃើញអំពីសារៈសំខាន់នៃសន្តិភាពយ៉ាងនេះហើយ គណៈសង្ឃនាយកទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា បានបិណ្ឌបាត្រឲ្យមានការគោរពបទឈប់បាញ់ កម្ពុជា-ថៃ ព្រមទាំងបញ្ឈប់ការប្រើប្រាស់ គ្រប់វិធីសាស្ត្រផ្សេងៗ ដែលបង្កឲ្យមានអរិភាពនឹងគ្នា និងសូមបិណ្ឌបាត្រភាគីថៃ ឲ្យដោះលែងកងទ័ពកម្ពុជាចំនួន ១៨រូប ដែលបានចាប់ជាចំណាត់ខ្នាំង ក្នុងនាមប្រទេសទាំងពីរជាអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា និងដើម្បីជាប្រយោជន៍ដ៏ឧត្តុងឧត្តមសម្រាប់សេចក្តីសុខក្សេមក្សាន្តត្រជាក់ត្រជុំដល់ប្រជាជាតិខ្មែរ និងសកលលោក ទាំងមូលផងដែរ។

មុខនឹងបញ្ចប់ ធម្មយាត្រាសន្តិភាពនាឱកាសនេះ គណៈសង្ឃនាយកទាំងពីរគណៈ បានបួងសួងឲ្យ សន្តិភាព កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមឲ្យបទឈប់បាញ់មាននិរន្តភាពជារៀងរហូតទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *