អំណោយរបស់សប្បុរសជនក្នុងនិងក្រៅប្រទេស ត្រូវបាននាំយកមកប្រគល់ជូនពលរដ្ឋភៀសសឹកមកពីតាមបណ្តាស្រុក និងខេត្តមួយចំនួនជាប់ព្រំដែន កម្ពុជា-ថៃ ជាបន្តបន្ទាប់

(បាត់ដំបង) :រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដែលទទួលបានពីសប្បុរសជននានា មានគ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់ចាំបាច់ផ្សេង ដែលសប្បុរសជនឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភជូនបងប្អូនភៀសសឹក និងកងកម្លាំងឈរជើងការពារព្រំដែន ក្នុងនោះបានបន្តនាំយកមកឧបត្ថមជូនបងប្អូនភៀសសឹកនៅមណ្ឌលសុវត្ថិភាពចំនួន២ទីតាំងទៀត មានមណ្ឌលសុវត្ថិភាពវត្តបឹងអំពិល ស្រុករតនៈមណ្ឌល និងមណ្ឌលសុវត្ថិភាពវត្តស្លខ្លាញ់ ស្រុកបវេល។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរ និងមន្រ្តីជំនាញខិតខំយកចិត្តទុកដាក់ពង្រឹងសណ្តាប់ធ្នាប់ អន្តរាគមន៍សម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពឱ្យបានល្អប្រសើរ។

ឯកឧត្តម ក៏បានណែនាំដល់បងប្អូនជនភៀសសឹកទាំងអស់ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពចូលរួមរក្សាអនាម័យបរិស្ថាន ហូបស្អាត ផឹកស្អាត រស់នៅស្អាត។

ឯកឧត្តមបាន បន្តណែនាំដល់បងប្អូនភៀសសឹកត្រូវចេះ គោរពស្រឡាញ់គ្នាក្នុងគ្រាលំបាកនេះ ដើម្បីរស់នៅបានសុខសាន្ត មានសាមគ្គីភាពល្អ ចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមរស់ជាមួយគ្នាបានសុខសុវត្ថិភាពក្នុងទីតាំងមណ្ឌលសុវត្ថិភាពនេះ និងជួយថែរក្សាការពារសម្ភារនានាក្នុងមណ្ឌលភៀសសឹកឱ្យបានល្អ។

ឯកឧត្តម បានបន្តក្រើនរំលឹកបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើងក្រោមការដឹកនាំរបស់ សម្តេចតេជោ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសនាំមកនូវសុខសន្តិភាព និងដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយសត្រូវឈ្លានពានបានដោយសន្តិវិធី។

ជាមួយគ្នានោះដែរ បងប្អូនដែលបានភៀសសឹកបានបង្ហាញអារម្មណ៍កក់ក្តៅដែលទទួលបានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនដែលតែងតែ ជួយសម្រួលនូវទុក្ខលំបាកនានានៅតាមមណ្ឌលភៀសសឹក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *