(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី របស់អង្គការ Cambodia Vision ដែលបានលះបង់ពេលវេលាចុះពិនិត្យព្យាបាលជម្ងឺភ្នែកឡើងបាយ ដុះកន្ទុយថ្លែន និងពិនិត្យជម្ងឺ គ ថ្លង់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល គរុកោសល្យភូមិភាគខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម (ជិត វិមានឯករាជ្យ) ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចុះពិនិត្យ និង ព្យាបាលជំងឺ នាពេលនេះ គឺ ដើម្បីលើកម្ពស់កម្រិតសុខភាព ជូនបងប្អូនប្រពលរដ្ឋ ដែលជាផ្នែក មួយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ពីព្រោះថា បើយើងមានជំងឺឈឺស្កាត់ គឺយើងត្រូវ ទៅកាន់ពេទ្យឯកជន និងត្រូវការចំណាយប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែកម្មវិធីថ្ងៃនេះ គឺពុំមានការបង់ថ្លៃ សេវាព្យាបាលនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងផងដែរថា បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូ និងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ យ៉ាងណាមិញ ទន្ទឹមនឹងការ កសាង សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ ផងដែរ អំពី សុខភាព របស់បងប្អូនប្រជាពលរដ្ឋទូទៅ ពីព្រោះថា ដើម្បី ជីវិតរស់នៅបានយឺនយូរ ចាំបាច់ ណាស់ មនុស្សម្នាក់ៗ ត្រូវតែមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសំណូមពដល់ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត សូមបន្តសកម្មភាពសប្បុរសធម៌ ចុះជួយពិនិត្យ និងព្យាបាលជម្ងឺជូនប្អូនប្រជាពលរដ្ឋ នា ពេលក្រោយៗ បន្តទៀត សំដៅលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រផងដែរ៕

