អ្នកស្ម័គ្រចិត្តប្រមាណ៥០០នាក់ បរិច្ចាគឈាមលើកទី៥ នៅរោងចក្រផ្គុំ និងផលិតរថយន្ត FORD របស់ក្រុមហ៊ុន អ អិម អេ អូតូម៉ូធីវ ខេមបូឌា ខេត្តពោធិ៍សាត់ ក្រោមប្រធានបទ «បរិច្ចាគឈាមសង្គ្រោះជីវិត»

(ពោធិ៍សាត់)៖ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅបរិវេណរោងចក្រផ្គុំ និងផលិតរថយន្ត អ អិម អេ អូតូម៉ូធីវ (ខេមបូឌា) ឯ.ក ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរៀបចំកម្មវិធីផ្តល់ឈាមផ្តល់ក្តីសង្ឃឹម លើកទី៥ ក្រោមប្រធានបទ «បរិច្ចាគឈាមសង្គ្រោះជីវិត»។ កម្មវិធីនេះសហការរៀបចំដោយក្រុមហ៊ុន អ អិម អេ ដែលផ្គុំ និងផលិតរថយន្ត FORD មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ប្រមាណ៥០០នាក់។

ថ្លែងក្នុងពិធីនោះ លោក ឆែម ម៉ូឌាន ប្រធានផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស នៃរោងចក្រដំឡើងរថយន្ត អ អិម អេ អូតូម៉ូធីវ (ខេមបូឌា) បានលើកឡើងថា នេះជាលើកទី៥ហើយដែលក្រុមហ៊ុនបានរៀបចំយុទ្ធនាការបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយទទួលបានការចូលរួមស្ម័គ្រចិត្ត ពីទាំងវិស័យឯកជន និងស្ថាប័នរដ្ឋ សរុបប្រមាណ៥០០នាក់។ លោកបានគូសបញ្ជាក់ថា ការបរិច្ចាគឈាមគឺជាទង្វើសប្បុរសធម៌ដ៏ថ្លៃថ្លា និងជាកាយវិការដ៏មានតម្លៃ ក្នុងការចូលរួមចំណែកជួយសង្គ្រោះជីវិតមនុស្ស ព្រមទាំងលើកកម្ពស់វប្បធម៌នៃការចែករំលែកក្នុងសង្គម។ ក្រុមហ៊ុននឹងបន្តសកម្មភាពមនុស្សធម៌នេះជាប្រចាំ ហើយលោកក៏បានអំពាវនាវដល់អ្នកមានសុខភាពល្អ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ បរិច្ចាគឈាមឱ្យបានយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ និងជួយផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិត ឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ បានលើកឡើងថា ប្រធានបទ «បរិច្ចាគឈាមសង្គ្រោះជីវិត» ពិតជាមានអត្ថន័យជ្រាលជ្រៅ ក្នុងការផ្តល់អំណោយទានជីវិតដល់ជនរងគ្រោះ និងអ្នកជំងឺ ផ្តល់ឈាមផ្តល់ក្តីសង្ឃឹម។ គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺបណ្តុះទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនរំពឹងកម្រៃ ព្រមទាំងជំរុញឱ្យយុវជន និងប្រជាពលរដ្ឋចូលរួមកាន់តែសកម្មជាមួយសេវាកម្មជាតិផ្តល់ឈាម។ ឈាម និងផលិតផលឈាម ដែលមានសុវត្ថិភាព និងទាន់ពេលវេលា គឺជាតម្រូវការចាំបាច់បំផុតសម្រាប់អ្នកជំងឺត្រូវវះកាត់ ស្ត្រីសម្រាលកូន និងអ្នកជំងឺមានផលវិបាកផ្សេងៗ ដោយសារ ឈាមមួយប្លោក អាចផ្តល់ក្តីសង្ឃឹមថ្មី សម្រាប់អ្នកជំងឺម្នាក់ និងក្រុមគ្រួសារមួយ។

ថ្នាក់ដឹកនាំ និងអ្នកជំនាញក៏បានសង្កត់ធ្ងន់ផងដែរថា ការធានាឱ្យមានឈាមគ្រប់គ្រាន់ និងមានសុវត្ថិភាព ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនមែនត្រឹមតែមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរសុខាភិបាលខេត្តនោះឡើយ។ ក្នុងន័យនេះ ក្រុមហ៊ុន អ អិម អេ អូតូម៉ូធីវ (ខេមបូឌា) ឯ.ក គឺជាគំរូល្អមួយនៃការបំពេញទំនួលខុសត្រូវសង្គម (CSR) ក្នុងការលើកកម្ពស់សុខភាពសាធារណៈ។ ជាមួយគ្នានេះ អ្នកចូលរួមបរិច្ចាគឈាមនឹងទទួលបានការពិនិត្យ និងពិគ្រោះសុខភាព រួមទាំងការធ្វើតេស្តជំងឺឆ្លងមួយចំនួនដូចជា៖ ជំងឺថ្លើម ស្វាយ និងអេដស៍ ដោយរក្សាការសម្ងាត់ជូន ហើយការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពឡើយ ខណៈដែលឈាមមានប្រភពតែមួយគត់ គឺពីមនុស្សផ្ទាល់។

លោក ងួន ប៉ោសេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន អ អិម អេ អូតូម៉ូធីវ (ខេមបូឌា) ឯ.ក មជ្ឈមណ្ឌលជាតិផ្តល់ឈាម មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងសប្បុរសជនទាំងអស់ ដែលបានរួមគ្នាបង្កើតចលនាមនុស្សធម៌ដ៏មានតម្លៃនេះ ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងកុមារនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា។

គួរជម្រាបផងដែរថា យោងតាមស្ថានភាពតម្រូវការឈាមកាលពីឆ្នាំ២០២៥ តម្រូវការឈាមជាមធ្យមប្រចាំថ្ងៃនៅរាជធានីភ្នំពេញមានប្រមាណ ៤០០ប្លោក ខណៈតម្រូវការទូទាំងប្រទេស មានចំនួន ១២,៤២៨ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានផ្គត់ផ្គង់គ្របដណ្តប់ជាង ៧៥%៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *