ព្រៃវែង: នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) នៅសាលប្រជុំពហុបំណង (B) សាលាខេត្តព្រៃវែង។
របៀបវារៈសម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីរួមមាន៖
១- សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបាន ដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។
២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។
៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន។
៤-បញ្ហាផ្សេងៗ៕

