ខេត្តពោធិ៍សាត់: នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ក្រុមការងារបច្ចេកទេស អាជ្ញាធរក្រុងពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះពិនិត្យមើលវឌ្ឍនភាពនៃការងារឈូសឆាយដី និងការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈ ស្ថិតនៅប៉ែកខាងកើតស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចគល់ស្ពានថ្មចាស់ រហូតដល់គល់ស្ពានថ្មថ្មី ក្នុងភូមិសាស្ត្រសង្កាត់ព្រៃញី និងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ការចុះពិនិត្យផ្ទាល់ដីនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងជំរុញ និងពន្លឿនការងារឈូសឆាយកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅតាមបណ្តោយចិញ្ចើមផ្លូវសាធារណៈ ឱ្យកាន់តែមានសោភ័ណភាព បរិស្ថានស្អាត និងធានាបាននូវភាពងាយស្រួល សុវត្ថិភាព ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់មុខមាត់ក្រុងពោធិ៍សាត់ ឱ្យកាន់តែទាក់ទាញបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការអនុវត្តការងារកន្លងមកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ណែនាំបន្ថែមដល់អាជ្ញាធរសង្កាត់ព្រៃញី សង្កាត់បន្ទាយដី រដ្ឋបាលក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយឈរលើគោលការណ៍ច្បាប់ និងស្មារតីយោគយល់គ្នា ដើម្បីធានាឱ្យការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈ ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងនិរន្តរភាពយូរអង្វែង៕



