(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ ទូទាំងប្រទេស ព្រមទាំងពិធីបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះប្រារព្ធធ្វើឡើងនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាល ដែលឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្តាញសេវាសុខាភិបាលទូទាំងប្រទេស រួមមាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាពក្នុងការផ្តល់សេវាពិគ្រោះជំងឺ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺជាបន្តបន្ទាប់។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលអាណត្តិទី៧ តាមរយៈក្រសួងសុខាភិបាល បានចំណាយថវិកាជាង ១៨លានដុល្លារអាមេរិក ដើម្បីសាងសង់ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍មន្ទីរពិសោធន៍ និងសម្ភារបច្ចេកទេសផ្សេងៗ នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន។
ជាលទ្ធផល បន្ទាប់ពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារបរិក្ខារពេទ្យថ្មី សមត្ថភាពក្នុងការផ្តល់សេវាវះកាត់ និងសង្គ្រោះបន្ទាន់បានកើនឡើង ២៥,១% ខណៈករណីបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យកម្រិតខ្ពស់បានថយចុះ ១១,៣% បើប្រៀបធៀបទិន្នន័យក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៥ និងឆ្នាំ២០២៦។
សមិទ្ធផលទាំងនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល សំដៅពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា នៅក្បែរលំនៅឋានរបស់ខ្លួន។ ជាពិសេស ការរួមចំណែកកាត់បន្ថយការចំណាយថវិកា និងពេលវេលាក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅទីរួមខេត្ត ឬរាជធានីភ្នំពេញ៕

