(កំពង់ចាម)៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ ទូទាំងប្រទេស ដែលប្រារព្ធឡើងនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីតំណាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។
ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានពិនិត្យលើការរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីធានាឱ្យពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់។ ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏បានត្រៀមរៀបចំផែនការសម្រួលចរាចរណ៍តាមដងផ្លូវសំខាន់ៗជុំវិញទីតាំងប្រារព្ធពិធី ដើម្បីបញ្ចៀសការកកស្ទះ និងធានាសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើររបស់ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋដែលអញ្ជើញចូលរួម។
ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗនៅមន្ទីរពេទ្យបង្អែកស្រុកទាំង ៦១ កន្លែងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាក់ស្តែង ឧបករណ៍ និងបរិក្ខារវេជ្ជសាស្ត្រថ្មីៗទាំងនេះ នឹងជួយបង្កើនសមត្ថភាពក្នុងការពិនិត្យ និងវិនិច្ឆ័យជំងឺឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការព្យាបាល និងសង្គ្រោះបន្ទាន់។ ជាពិសេស ប្រជាពលរដ្ឋអាចទទួលបានសេវាសុខាភិបាលដែលមានគុណភាពកាន់តែប្រសើរនៅជិតលំនៅឋាន ដោយជួយកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យឆ្ងាយៗ។
សមិទ្ធផលនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាលនៅកម្ពុជា សំដៅធានាឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានទទួលបានសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពកាន់តែប្រសើរ ប្រកបដោយគុណភាព សមធម៌ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕

