អភិបាលខេត្តកំពង់ចាម ប្រជុំពិភាក្សាត្រៀមរៀបចំបុណ្យកឋិនទានមហាសាមគ្គី ដង្ហែចូលវត្តសុទស្សនារាម ជ្រោយថ្ម

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដោយអភិបាលរងខេត្ត នាយករដ្ឋបាល បានអញ្ជើញជួបពិភាក្សាការងារជាមួយព្រះគ្រូអនុគណក្រុងកំពង់ចាម និងព្រះគ្រូចៅអធិការវត្តសុទស្សនារាម ជ្រោយថ្ម នៅសាលាខេត្តកំពង់ចាម ដើម្បីពិនិត្យ និងពិភាក្សាលើការត្រៀមរៀបចំពិធីបុណ្យកឋិនទានមហាសាមគ្គី ដង្ហែទៅកាន់វត្តសុទស្សនារាម ជ្រោយថ្ម ឱ្យប្រព្រឹត្តទៅដោយរលូន និងអធិកអធម។

តាមការគ្រោងទុក ពិធីបុណ្យកឋិនទានមហាសាមគ្គីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវត្តសុទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ក្រោមការផ្ដួចផ្ដើមដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ។

បច្ច័យដែលប្រមូលបានពីអង្គកឋិនទានមហាសាមគ្គីនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តកសាងព្រះវិហារថ្មី ដែលមានទំហំ ៤៤ម៉ែត្រ គុណនឹង ១៨ម៉ែត្រ កម្ពស់ ២៣ម៉ែត្រ កំពស់ ២ជាន់ ក្នុងតម្លៃប៉ាន់ស្មានសរុបចំនួន ១.១៦៨.៩២៥ដុល្លារអាមេរិក ដោយគិតជាមធ្យម ៣៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ការរៀបចំបុណ្យកឋិនទានមហាសាមគ្គីនេះ មិនត្រឹមតែជាការបំពេញកុសលផលបុណ្យតាមគន្លងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវស្មារតីសាមគ្គីភាព សទ្ធាជ្រះថ្លា និងការរួមចំណែកពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងបន្តកសាងសមិទ្ធផលសាសនាឱ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *