ពិធីបុណ្យកឋិនទានសាមគ្គី របស់គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ទ្ធសីមា វត្តសាមគ្គីវង្សារាម (ហៅវត្តលលកសថ្មី)

នាថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យកឋិនទានសាមគ្គីយ៉ាងឱឡារិក នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។

ពិធីបុណ្យនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកាបក្ស អនិកជនក្រៅប្រទេស និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ទ្ធសីមាវត្តសាមគ្គីវង្សារាម (ហៅវត្តលលកសថ្មី) ស្ថិតក្នុងភូមិលលកស សង្កាត់លលកស ក្រុងពោធិ៍សាត់។

តាមរយៈកិច្ចសហការ និងសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់នេះ អង្គកឋិនទានសាមគ្គីបានប្រមូលបច្ច័យ សរុបចំនួន២៦៥លានរៀល និងបច្ច័យពីពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត បន្ថែមចំនួន១០,៨៥៥,០០០រៀល។ ចំពោះបច្ច័យសរុបដែលទទួលបានពីអង្គកឋិនទានគណបក្ស ត្រូវបានចាត់ចែងបែងចែកឧបត្ថម្ភជូនដល់វត្តអារាម ចំនួន៧ ក្នុងខេត្តពោធិ៍សាត់ រួមមាន៖
ទី១-វត្តលលកសថ្មី ១៥០លានរៀល
ទី២-វត្តសំសាន្ត ២០លានរៀល
ទី៣-វត្តនទីសេដ្ឋា ១០លានរៀល
ទី៤-វត្តលលកសចាស់ ១០លានរៀល
ទី៥-វត្តហ្លួង ១០លានរៀល
ទី៦-វត្តដំណាក់ទ្រយឹង ១០លានរៀល
ទី៧-វត្តភ្នំខុស ១០លានរៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *