ខេត្តតាកែវ: លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់អំពីសង្វាក់ផលិតកម្មផលិតទឹកដោះគោស្រស់នៅឯ កសិដ្ឋានគីរីសួគ៌ (Khmer Fresh Milk) ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះកសិដ្ឋានគីរីសួគ៌ ដែលប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបក្នុងការចិញ្ចឹមគោ និងផលិតទឹកដោះគោស្រស់។
ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ក្នុងពេលបច្ចុប្បន្ននេះ បញ្ហាសង្គ្រាមឈ្លានពាន និងការបិទព្រំដែនដោយឯកតោភាគីពីយោធាថៃ គឺជា ឱកាសមាស សម្រាប់ពាណិជ្ជករក្នុងស្រុកបង្កើនការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ទីផ្សារជាតិ»។ ទោះជាយ៉ាងណា ឯកឧត្តមក៏បានសង្កត់ធ្ងន់ដែរថា ការផលិតត្រូវតែមាន គុណភាពខ្ពស់ និងតម្លៃសមរម្យ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបន្តធ្វើ ពហិការមិនប្រើប្រាស់ទំនិញរបស់សៀម ហើយបែរមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានផុលផុស ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ។
បើតាមការបញ្ជាក់ពី លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌មានសមត្ថភាពផលិតទឹកដោះគោស្រស់ចន្លោះពី ១២,០០០ ទៅ ១៥,០០០ លីត្រក្នុងមួយថ្ងៃ ដែលផ្គត់ផ្គង់បានប្រមាណ ២០% នៃចំណែកទីផ្សារកម្ពុជា។
លោកបានបង្ហាញសញ្ញាណៃភាពរីកចម្រើនយ៉ាងឆាប់រហ័សថា៖ «បច្ចុប្បន្ននេះ ផលិតផលទឹកដោះគោស្រស់គិរីសួគ៌ លក់សឹងមិនទាន់តម្រូវការទីផ្សារ ដោយយើងលក់អស់ពីស្តុកត្រឹមតែរយៈពេល ១ ម៉ោង ប៉ុណ្ណោះ មិនដូចកាលពីមុនដែលត្រូវចំណាយពេល ៣ ថ្ងៃទើបលក់អស់»។ នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ប្រជាពលរដ្ឋខ្មែរកំពុងតែងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនឡើង។
លោក ឈរ រិទ្ធី បញ្ជាក់បន្ថែមថា កសិដ្ឋានគិរីសួគ៌គឺជាកសិដ្ឋានខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប អាចផលិតទឹកដោះគោសុទ្ធស្រស់ប្រកបដោយគុណភាពខ្ពស់ និងជំនួយផ្នែកអាហារូបត្ថម្ភ។ បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌មានគោសរុបជាង ១,០០០ ក្បាល និងមានគម្រោងពង្រីកចំនួនគោយកទឹកដោះឱ្យដល់ ៣,០០០ ក្បាល ដើម្បីបង្កើនផលិតកម្ម និងផលិតទឹកដោះគោវេចខ្ចប់ជាកញ្ចប់តូចៗសម្រាប់ផ្គត់ផ្គង់នៅតាមសាលារៀនផងដែរ។ កសិដ្ឋានដែលមានរោងចក្រកែច្នៃទឹកដោះគោ និងយ៉ាអួរប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នេះ ដំណើរការលើផ្ទៃដីសរុបចំនួន ៣០០ ហិកតា៕

