ខេត្តពោធិ៍សាត់ បើកដំណើរការពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក លើកទី៦ យ៉ាងមហោឡារិក ក្រោមម្លប់សន្តិភាព និងស្មារតីសាមគ្គីភាព!

(ពោធិ៍សាត់)៖ នារសៀលថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំបើកព្រឹត្តិការណ៍ ប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមជាមួយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី (Vattanac Brewery)។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្ត ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំខេត្ត តំណាងស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ វិស័យឯកជន កីឡាករចំណុះទូក ព្រមទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ និងបើកកម្មវិធី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តមបានគូសបញ្ជាក់ថា ពិធីបុណ្យប្រពៃណីជាតិដ៏មហោឡារិកនេះ មិនត្រឹមតែប្រារព្ធឡើងដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរនាសម័យបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាព នៃស្មារតីសាមគ្គីភាព ការរួបរួមគ្នាថែរក្សាមរតកវប្បធម៌ ទំនៀមទម្លាប់ដូនតា បណ្តុះស្មារតីស្រឡាញ់ជាតិ ដល់យុវជនជំនាន់ក្រោយ និងជំរុញសក្តានុពលទេសចរណ៍ក្នុងខេត្ត ឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីអត្ថន័យនៃការប្រណាំងទូក «ង» ដែលទាមទារឱ្យមានការសហការគ្នា ស្តាប់បញ្ជា និងរួមកម្លាំងកាយចិត្តជាធ្លុងមួយពីសំណាក់កីឡាករចំណុះទូក ទើបអាចឆ្ពោះទៅរកជ័យជម្នះបាន។ ជាក់ស្តែង ស្មារតីសាមគ្គីភាពនេះ គឺជាកត្តាមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍខេត្តពោធិ៍សាត់ និងប្រទេសជាតិ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល និងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខូយ រីដា បានរំលឹកឡើងវិញអំពីផលប៉ះពាល់នៃស្ថានការណ៍តានតឹង និងជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែន កម្ពុជា-ថៃ កាលពីឆ្នាំកន្លងទៅ ដែលធ្វើឱ្យការរៀបចំពិធីប្រណាំងទូកត្រូវអាក់ខាន។

ឯកឧត្តមបានសង្កត់ធ្ងន់ថា បទពិសោធន៍នេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃ «សន្តិភាព និងស្ថិរភាព» ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ឯកឧត្តមបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់ការពារបូរណភាពទឹកដី ព្រមទាំងបានគោរពថ្លែងអំណរគុណចំពោះគុណបំណាច់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានកសាង និងថែរក្សាសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ដើម្បីឱ្យព្រឹត្តិការណ៍រយៈពេល ២ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំ និងអំពាវនាវដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍ ឱ្យបានល្អប្រសើរ។ កីឡាករចំណុះទូកទាំងអស់ ត្រូវប្រកួតប្រជែងដោយគោរពតាមបទបញ្ជា និងក្រមសីលធម៌កីឡា ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដោយយកការថែរក្សាប្រពៃណីជាតិជាធំ។

ជាមួយគ្នានោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សូមអញ្ជើញចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដោយមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងរួមគ្នាថែរក្សាអនាម័យ បរិស្ថានឱ្យបានស្អាតជាប្រចាំ ដើម្បីលើកកម្ពស់មុខមាត់ និងកិត្តិយសរបស់ខេត្តពោធិ៍សាត់។

មុននឹងប្រកាសបើកកម្មវិធីជាផ្លូវការ ឯកឧត្តម ខូយ រីដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំពិធី និងសប្បុរសជនទាំងអស់ ជាពិសេសក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី (Vattanac Brewery) និងក្រុមហ៊ុន Yeo’s (YHS Cambodia) ដែលបានចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈ ធ្វើឱ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ អាចប្រព្រឹត្តទៅបានយ៉ាងអធិកអធម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *