(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២៧-២០៣២ និងបូកសរុបរបាយការណ៍លទ្ធផលការងាររបស់គណបក្សខេត្ត ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋាន ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន និងកំណត់ទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅមន្ទីរគណបក្សខេត្ត ស្ថិតក្នុងក្រុងកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋ ចុះជួបសំណេះសំណាល ស្វែងយល់ពីសុខទុក្ខ និងតម្រូវការជាក់ស្តែង ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំ និងជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២៧-២០៣២ ឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ដោយត្រូវបន្តពង្រឹងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការ និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក សហការគ្នារៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានហ្មត់ចត់ សម្រាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។
ជាពិសេស អាជ្ញាធរក្រុង-ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដាន និងត្រៀមលក្ខណៈជាប្រចាំ ព្រមទាំងសហការអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសនៃកិច្ចប្រជុំនេះ។

