ខេត្តសៀមរាប: នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានគណនេយ្យជាតិនៃវិទ្យាស្ថានជាតិស្ថិតិ សហការជាមួយមន្ទីរផែនការខេត្តសៀមរាប បានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តសៀមរាប ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយឱ្យអ្នកពាក់ព័ន្ធបានដឹងពីទំហំសេដ្ឋកិច្ច និងកម្រិតជីវភាពជាក់ស្ដែងរបស់ខេត្ត ផ្តល់ទិន្នន័យផ្លូវការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍ចំគោលដៅ បង្ហាញសក្ដានុពលសេដ្ឋកិច្ចខេត្ត ដើម្បីទាក់ទាញវិនិយោគិន និងផ្តល់ព័ត៌មានស្ថិតិផ្លូវការជូនវិស័យរដ្ឋ ឯកជន និងសាធារណជនយកទៅប្រើប្រាស់។
ក្នុងឱកាសនោះ លោកស្រី ស្រី សុគន្ធ ប្រធានមន្ទីរផែនការខេត្តសៀមរាបស្ដីទី បានបង្ហាញពីលទ្ធផលសំខាន់ៗ ដែលមន្ទីរសម្រេចបានលើការប្រមូល និងបញ្ចូលទិន្នន័យមូលដ្ឋានភូមិ ឃុំសង្កាត់ ក្រុងស្រុក ឆ្នាំ២០២៥ ទៅក្នុងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំសង្កាត់ និងបានពិនិត្យផ្ទៀងផ្ទាត់ កែច្នៃ និងផលិតរបាយការណ៍ស្ដីពីទិន្នន័យមូលដ្ឋានឃុំសង្កាត់ ឆ្នាំ២០២៥ ព្រមទាំងបោះពុម្ភ និងផ្សព្វផ្សាយសម្រាប់ការកសាងផែនការ។ បានរៀបចំបោះពុម្ពរបាយការណ៍ស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ និងការរៀបចំ និងផលិតរបាយការណ៍លទ្ធផលស្ដីពីការប្រមូលទិន្នន័យមូលដ្ឋានឃុំសង្កាត់ឆ្នាំ២០២៥ ជូនថ្នាក់ដឹកនាំខេត្ត និងក្រសួងផែនការ។
លោកស្រីបន្តថា មន្ទីរបានសហការរៀបចំសេចក្ដីព្រាងប្រតិទិន ដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរដ្ឋបាលខេត្ត ឆ្នាំ២០២៧-២០២៩ ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាពិនិត្យ និងអនុម័ត, បូកសរុបការប្រមូលធាតុចូលពីមន្ទីរអង្គភាព ក្រុងស្រុក និងអង្គការដៃគូរ និងរៀបចំកិច្ចប្រជុំពិនិត្យ កែសម្រួលសម្រាប់រៀបចំជាសេចក្ដីព្រាង ដាក់ជូនថ្នាក់ដឹកនាំខេត្ត ពិនិត្យ និងផ្ដល់យោបល់នាពេលខាងមុខ និងមានសមិទ្ធផលការងារជាច្រើនទៀតរួមមានការងារស្ថិតិ ការងារជំរឿន និងការងារអង្កេតផងដែរ។
លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា យោងតាមរបាយការណ៍លើសមិទ្ធផលខាងលើ កើតចេញពីកិច្ចសហការគ្នា រវាងមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក ដែលបានខិតខំ ប្រឹងប្រែងព្យាយាម ក្នុងការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរនេះ។ លោកបន្ដថា ចំពោះទិន្នន័យស្ថិតិផ្លូវការនេះ មានសារសំខាន់ជាយុទ្ធសាស្ត្រក្នុងការបម្រើឱ្យការរៀបចំគោលនយោបាយ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការទាក់ទាញវិនិយោគគិន និងការកសាងសមត្ថភាពមន្ត្រីជំនាញនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមទិសដៅ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ បានមានប្រសាសន៍ថា គណនេយ្យជាតិក៏នឹងជួយពង្រឹងគុណភាពនៃការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់មូលដ្ឋានផងដែរ។ ឧបករណ៍សំខាន់នេះនឹងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ទម្រង់មិនមានភាពស្មើគ្នា និងធានាថា ប្រាក់ចំណាយរបស់រដ្ឋត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព និងសមស្របតាមគោលនយោបាយ និងតម្រូវការអភិវឌ្ឍន៍របស់ខេត្ត។ ឯកឧត្តមបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ជាពិសេសមន្ទីរផែនការខេត្តដែលបានខិតខំ ប្រឹងប្រែងបំពេញកិច្ចការងារលើការងារស្ថិតិ ការងារផែនការ ការងារជំរឿន និងការងារអង្កេតបានទទួលលទ្ធផលប្រសើរ។ ឯកឧត្តមក៏បានធ្វើការជំរុញដល់មន្ទីរផែនការ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុក៕

