ខេត្តសៀមរាប: ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាប និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណអភិបាលខេត្ដសៀមរាប បានបន្ដដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះស្ដាប់ក្ដីកង្វល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដែលវេទិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវត្ដប្រាសាទសីលវ័ន្ត ស្ថិតក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ខេត្ដសៀមរាប ក្រោមបរិយាកាសលើកឡើងជាសំណួរ បញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ និងការឆ្លើយតប និងដោះស្រាយបញ្ហារបស់ពលរដ្ឋដោយមន្រ្ដីជំនាញនៃមន្ទីរ អង្គភាពនីមួយៗយ៉ាងផុលផុស។
សូមជម្រាបថា វេទិការសាធារណៈនេះ ក្រុមការងារបានទទួលនូវសំណួរ សំណូមពរ និងបញ្ហាប្រឈមផ្សេងៗរួមមាន បញ្ហាដីធ្លី ពាក់ព័ន្ធនឹងរឿងសុពលភាពប័ណ្ណ ប.ស.ស ពាក់ព័ន្ធនឹងមានប័ណ្ណសមធម៌ ការងារជួសជុលសាង់ផ្លូវ និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈតាមគ្រឹះស្ថានអប់រំ ដោយក្នុងនោះមន្រ្ដីជំនាះតាមមន្ទីរ អង្គភាពពាក់ព័ន្ធនឹងបញ្ហាដែលពលរដ្ឋលើកឡើងបានធ្វើការស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម តោ គឹមស៊ានសមាជិកក្រុមប្រឹក្សាខេត្ដសៀមរាប បានជំរុញដល់មន្ត្រីជំនាញ តាម មន្ទីរ អង្គភាពនីមួយៗ ដែលទទួលបានបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ក្រោមពីស្ដាប់បញ្ហាប្រឈម ហើយត្រូវអនុវត្ដជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីបង្កើនជំនឿទុកចិត្ដដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការអនុវត្ដការងាររបស់យើងដែលជាមន្រ្ដីបម្រើរាស្រ្ដ។ ជាមួយគ្នានេះឯកឧត្តមក៏បានធ្វើការជំរុញដល់ប្រជាពលរដ្ឋឱ្យហ៊ានលើកឡើងពីបញ្ហាប្រឈមផ្សេងៗ ក្ដីកង្វល់ នៅក្នុងវេទិកានេះដែលជាឱកាសឱ្យមន្រ្ដីជំនាញបានធ្វើការដោះស្រាយជូនផងដែរ។
ជាមួយគ្នានេះដែរលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជានិច្ច។រាល់ក្ដីកង្វល់ និងបញ្ហាប្រឈមផ្សេងៗដែលកើតមានតាមរយ:ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈកន្លងមក ក្រុមការងារ និងមន្រ្ដីជំនាញ តាមវិស័យនីមួយៗ បានធ្វើការដោះស្រាយជូនជាបន្ដបន្ទាប់ ហើយក្នុងថ្ងៃនេះ ក្រុមការងារនឹងបន្ដការដោះស្រាយជូនបងប្អូនបន្ដទៀតតាមការលើកឡើងរបស់បងប្អូន។ លោកអភិបាលរងខេត្ដ ក៏បានលើកទឹកចិត្ដដល់មន្រ្តីជំនាញ តាមមន្ទីរ អង្គភាព និងតាមវិស័យនីមួយៗបន្ដខិតខំ ប្រឹងប្រែង និងយកចិត្ដទុកដាក់ខ្ពស់បន្ដទៀតក្នុងការដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ក្នុងន័យសម្រេចបាននូវការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់យើងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
សូមជម្រាបថា វេទិកានាពេលនេះ ក្រុមការងារទទួលបាននូវសំណួរ និងសំណូមពរ១៤ ដែលត្រូវបានឯកឧត្តម សមាជិកក្រុមប្រឹក្សា និងមន្ត្រីជំនាញធ្វើការបកស្រាយជូមប្រជាពលរដ្ឋភ្លាមៗផងដែរ។

