ក្រុមប្រឹក្សាខេត្ដសៀមរាប បន្ដចុះស្ដាប់ក្ដីកង្វល់ និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងស្រុកអង្គរជុំ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរឡើង

ខេត្តសៀមរាប: ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប និងលោក ព្រឹម រដ្ឋា អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណអភិបាលខេត្ដសៀមរាប បានបន្ដដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះស្ដាប់ក្ដីកង្វល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរជុំ ខេត្ដសៀមរាប ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដែលវេទិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវត្ដឥន្ទរង្សីពោធិ៍ញាណ ហៅវត្តនគរភាស ស្ថិតក្នុងឃុំនគរភាស ស្រុកអង្គរជុំ ខេត្ដសៀមរាប ក្រោមបរិយាកាសលើកឡើងជាសំណួរ បញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ និងការឆ្លើយតប និងដោះស្រាយបញ្ហារបស់ពលរដ្ឋដោយមន្រ្ដីជំនាញនៃមន្ទីរ អង្គភាពនីមួយៗយ៉ាងផុលផុស។

សូមជម្រាបថា វេទិការសាធារណៈនេះ ក្រុមការងារបានទទួលនូវសំណួរ សំណូមពរ និងបញ្ហាប្រឈមផ្សេងៗរួមមាន បញ្ហាថាមពលអគ្គិសនី អគារមត្ដេយ្យសិក្សា សំណូមពរ ជួសជុលផ្លូវ សម្រាប់សម្រួលដល់ការធ្វើដំណើរ ជួយជុលស្ពានដែលខូចខាត ដោយក្នុងនោះមន្រ្ដីជំនាះតាមមន្ទីរ អង្គភាពពាក់ព័ន្ធនឹងបញ្ហាដែលពលរដ្ឋលើកឡើងបានធ្វើការស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗផងដែរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប បានជំរុញដល់មន្ត្រីជំនាញ តាម មន្ទីរ អង្គភាពនីមួយៗ ដែលទទួលបានបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ក្រោមពីស្ដាប់បញ្ហាប្រឈម ហើយត្រូវអនុវត្ដជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីបង្កើនជំនឿទុកចិត្ដដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការអនុវត្ដការងាររបស់យើងដែលជាមន្រ្ដីបម្រើរាស្រ្ដ។ ជាមួយគ្នានេះឯកឧត្តមក៏បានធ្វើការជំរុញដល់ប្រជាពលរដ្ឋឱ្យហ៊ានលើកឡើងពីបញ្ហាប្រឈមផ្សេងៗ ក្ដីកង្វល់ នៅក្នុងវេទិកានេះដែលជាឱកាសឱ្យមន្រ្ដីជំនាញបានធ្វើការដោះស្រាយជូនផងដែរ។

ជាមួយគ្នានេះដែរលោក ព្រឹម រដ្ឋា អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជានិច្ច។រាល់ក្ដីកង្វល់ និងបញ្ហាប្រឈមផ្សេងៗដែលកើតមានតាមរយ:ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈកន្លងមក ក្រុមការងារ និងមន្រ្ដីជំនាញ តាមវិស័យនីមួយៗ បានធ្វើការដោះស្រាយជូនជាបន្ដបន្ទាប់ ហើយក្នុងថ្ងៃនេះ ក្រុមការងារនឹងបន្ដការដោះស្រាយជូនបងប្អូនបន្ដទៀតតាមការលើកឡើងរបស់បងប្អូន។ លោកអភិបាលរងខេត្ដ ក៏បានលើកទឹកចិត្ដដល់មន្រ្តីជំនាញ តាមមន្ទីរ អង្គភាព និងតាមវិស័យនីមួយៗបន្ដខិតខំ ប្រឹងប្រែង និងយកចិត្ដទុកដាក់ខ្ពស់បន្ដទៀតក្នុងការដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ក្នុងន័យសម្រេចបាននូវការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់យើងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមជម្រាបថា វេទិកានាពេលនេះ ក្រុមការងារទទួលបាននូវសំណួរ និងសំណូមពរ២១ ដែលត្រូវបានឯកឧត្តម សមាជិកក្រុមប្រឹក្សា និងមន្ត្រីជំនាញធ្វើការបកស្រាយជូមប្រជាពលរដ្ឋភ្លាមៗផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *