អភិបាលខេត្តកំពង់ចាម សំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត និវត្តជន នាឱកាសបុណ្យភ្ជុំបិណ្ឌ

(កំពង់ចាម) :នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត និវត្តជន ខេត្តកំពង់ចាម នាឱកាសបុណ្យភ្ជុំបិណ្ឌ ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុង នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការជួបជុំគ្នានេះតែងតែធ្វើឡើងនាឱកាសបុណ្យប្រពៃណីរបស់ជាតិយើងមានបុណ្យធំៗ ដល់ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្តយើងតែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ រដ្ឋបាលសាលាខេត្តកំពង់ចាមទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកាមួយចំនួនដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់ទៅតាមតម្រូវការ។

នាឱកាសនោះ អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីរាជការយើងទាំងអស់ ត្រូវតែមានចិត្តទូលំទូលាយ ម៉ឺងម៉ាត់ ស្មោះត្រង់ ស្អាតស្អំ មិនរើសអើង មានសាមគ្គីភាពផ្ទៃក្នុង និងមានទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរអង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ឱ្យមានភាពរលូន លើការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *