ខេត្តព្រៃវែង៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំស្តីពី «ការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត» ជូនដល់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ក្នុងភូមិសាស្រ្តខេត្តព្រៃវែង នៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពី លោក លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត។
អង្គប្រជុំទាំងមូលមានសមាសភាពចូលរួមសរុបចំនួន ៤៥១ រូប រួមមាន៖ ឯកឧត្តម លោកជំទាវ និងគណៈប្រតិភូអមដំណើរឯកឧត្តមរដ្ឋលេខាធិការ នាយក នាយករងរដ្ឋបាលសាលាខេត្ត និងតំណាងស្នងការដ្ឋាននគរបាលខេត្ត អភិបាល អភិបាលរង និងនាយករដ្ឋបាលនៃរដ្ឋបាលក្រុង-ស្រុកទាំង១៣ ស្នងការរង និងមន្ត្រីជំនាញទទួលបន្ទុកផែនការងារអត្តសញ្ញាណកម្ម
ប្រធាន អនុប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋានសាលាខេត្ត នាយ នាយរងការិយាល័យគ្រប់គ្រងការស្នាក់នៅ និងការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អធិការ អធិការរងនគរបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ស្មៀនឃុំ-សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទូទាំងខេត្ត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការងារដឹកនាំ និងតាមដានផ្ទាល់ ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់ ពិសេសពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសាររដ្ឋបាលចាំបាច់ផ្សេងៗបានទាន់ពេលវេលា សំដៅសម្រួលដល់ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតស្របច្បាប់នៅក្នុងមូលដ្ឋាន៕

