អភិបាលខេត្តដឹកនាំក្រុមការងារចុះពិនិត្យនិងរៀបចំសោភ័ណភាពតាមដងស្ទឹងសៀមរាប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

សៀមរាប: នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តដឹកនាំក្រុមការងារចុះពិនិត្យនិងរៀបចំសោភ័ណភាពតាមដងស្ទឹងសៀមរាប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងនេះ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវរៀបចំសោភ័ណភាពដោយរៀបចំលម្អភ្លើង បន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងស្ទឹងសម្រាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗ ក៏ដូចជាការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ មួយវិញទៀត ចំពោះការងារសណ្តាប់ធ្នាប់ ឯកឧត្តម ក៏បានណែនាំបន្ថែមដល់ក្រុមការងារត្រូវរៀបចំបងប្អូនលក់ដូរឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយសម្រាប់ជូនបងប្អូនលក់ដូរតាមរទេះ ដែលកំពុងប្រកបមុខរបបប្រចាំថ្ងៃ។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរ ចំពោះចំណីអាហារដែលបានលក់ដូរ សូមយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវពិនិត្យ និងរក្សាគុណភាពអនាម័យឱ្យបានល្អចៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូនយើងដែលទទួលទាន ពិសេសភ្ញៀវទេសចរបរទេស។ ម្យ៉ាងទៀត យើងគួរផ្សព្វផ្សាយអំពីសុវត្តិភាពចំណីអាហារដល់បងប្អូនលក់ដូរដោយត្រូវគិតគូខ្ពស់ចំពោះសុវត្តិភាព និងសុខភាពអ្នកទទួលទានអាហាររបស់ពួកគាត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *