រដ្ឋបាលខេត្តព្រៃវែង នាំយកស្បៀង និងសម្ភារឧបត្ថម្ភជូនវីរកងទ័ពនៅសមរភូមិមុខ ទិសឧត្តរមានជ័យ

ព្រៃវែង៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជាច្រើន ចុះសំណេះសំណាល និងប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅទិសឧត្តរមានជ័យ។

ដែលសកម្មភាពនេះបញ្ជាក់ពីស្មារតីសាមគ្គីភាពដ៏រឹងមាំរវាង សមរភូមិក្រោយ និងសមរភូមិមុខ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តព្រៃវែង ចំពោះសុខទុក្ខ និងការលំបាករបស់កងទ័ពយើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន។

ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត មានប្រសាសន៍ថា សកម្មភាពនេះបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ក្នុងការរួមចំណែកជួយគាំទ្រដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងលះបង់កម្លាំងកាយចិត្ត និងអាយុជីវិតបំពេញបេសកកម្មការពារជាតិមាតុភូមិយ៉ាងអង់អាចក្លាហាន។

ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូ អត់ធ្មត់ និងការពលីគ្រប់បែបយ៉ាងរបស់វីរៈកងទ័ពនៅសមរភូមិមុខ ដែលជានិច្ចកាលតែងតែរក្សាបាននូវការពារសន្តិសុខ និងសុវត្ថិភាពជូនជាតិ និងប្រជាជន។

អំណោយដែលបានផ្តល់ជូនកងពលតូចលេខ២១ ទិសខេត្តឧត្តរមានជ័យ រួមមាន÷ ថវិកា ១០លានរៀល, អង្ករ ៥តោន, ទឹកស៊ីអ៊ីវ ១០០យួរ, ទឹកត្រី ១០០យួរ, ត្រីខ ១០០កេស និង ៣០០យួរ, មីបារាយណ៍ ២០០កេស, ប្រហុក ១០០គីឡូ, ប៊ីចេង ១០០គីឡូ, ខ្ទឹមស ១០០គីឡូ, ស្ករស ១០០គីឡូ, ប្រេងឆា ២០០លីត្រ, អំបិល ៥០០គីឡូ, ក្រមា ៣០០, ចង្ក្រាន្តហ្គាស ១០០, កំប៉ុងហ្គាស ២០០, នំអន្សម ៣០០, ត្រីប្រឡាក់ ៣០០គីឡូ, ទៃខ្មៅ ២០ ០០០ទៃ, តង់ ១០០, អាវគីប ១០គីប, ភេសជ្ជ Krud Energy ១០០កេស, ភេសជ្ជៈ V-Lemon Tea ១០០កេស, ទឹកសុទ្ធ V-active(1,5L) ២០០កេស, ភ្លៅមាន់ ៥០០គីឡូ, ថ្នាំផ្ដាសាយ ៥០ប្រអប់ និងថ្នាំបាញ់មូស ២ ០០០កំប៉ុង។

ក្នុងនោះ ឯកឧត្តម សួន សុម៉ាលីន ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានដឹកនាំឯកឧត្តមអនុប្រធាន ហេរញ្ញិក សមាជិក គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា នាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដើម្បីជួយដល់ក្រុមគ្រួសារភៀសសឹក។

ដែលអំណោយផ្តល់ជូននោះរួមមាន៖ ថវិកា ចំនួន ១០លានរៀល, អង្ករ ៥,០០០គ.ក, មីជាតិ ៣០០កេសតូច, ត្រី ខ ៣០០យួរ, តង់ ១០០ មុង ៣០០, ភួយ ៣០០, ធុងទឹក ៣០០, អាវគីប ១០បេ, ទឹកតែក្រូចឆ្មា(V-Lemon Tea) ៥០កេស, ភេសជ្ជៈគ្រុឌ(Krud Energy Drink) ៥០កេស, និងទឹកសុទ្ធ (V-Active water) ១០០កេស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *