សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកមរណទុក្ខគ្រួសារដែលរងគ្រោះដោយ សោកនាដកម្ម សម្លាប់ជីវិតមនុស្ស ៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់!

(កំពង់ចាម) នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមជាមួយ ប្រធានក្រុមការងារគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បាននាំយក សម្ភារ និងបច្ច័យ ទៅចូលរួមរំលែកមរណទុក្ខ ៥គ្រួសារ មានអ្នកស្លាប់ ជាមនុស្សវ័យ ចាស់ ១នាក់ ស្ត្រីមានផ្ទៃពោះ ១នាក់ ក្មេងជំទង់ និងកុមារ ៧នាក់ ទីលំនៅស្ថិត ភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដែលបានរងគ្រោះដោយអំពើមនុស្សឃាតស្លាប់ក្នុង អគ្គីភ័យ និងអារកសម្លាប់ បង្កដោយជនសង្ស័យតែម្នាក់ឈ្មោះ សុបិន្ត មិនា ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាចៅប្រសារ ជាប្តី ជាបងថ្លៃ នៃសព កាលពីម៉ោង ៥,៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានសម្តែងការសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ម្តាយ កូន ក្មួយ ចៅ ជាទីស្រឡាញ់របស់ខ្លួន ។ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និង ចូលរួមរំលែកមរណៈទុក្ខ យ៉ាងក្រៀមក្រំបំផុត ពី សំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែគិតគូរ ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេស ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើង ហើយតែងបានចាត់តំណាងរបស់សម្តេច ឲ្យចុះអន្តរាគមន៍ នាំយកជំនួយសង្រ្គោះបន្ទាន់ជូនដល់គ្រួសាររងគ្រោះ បានទាន់ពេលវេលា តាមទិសស្លោក”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោកជំទាវ ប៉ាង ដានី ក៏បានក្រើនរំលឹក ដល់ អាណាព្យាបាល ទាំងអស់ និងក្រុមគ្រួសារ អោយទប់ចិត្ត ទប់អារម្មណ៍អោយបាន នឹងនរ ហើយ ខិតខំ ថែទាំ សុខភាព សុវត្ថិភាពផ្ទាល់ខ្លួនអោយបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” និង ចូលរួមពង្រឹងភាពស៊ាំសហគមន៍ ទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុក្នុងរដូវរងារនេះ។លោកជំទាវ និងក្រុមការងារ ក៏បានឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្តនៃសព បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត៕

បើតាមរបាយការណ៍របស់ នាយកសាខាកាកបាទក្រហមសាខាខេត្តកំពង់ចាម បានឲ្យដឹងថា សម្ភារ ដែលបាន នាំយកមកចូលរួមបុណ្យសព រួមមាន៖ អង្ករ ៥០គក្រ, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកក្រូច ២កេស, ទឹកពិសា ២កេស និង ថវិកាចំនួន ៥០០,០០០រៀល ៕ដោយឡែក៖ អនុសាខាស្រុក បានចូលបុណ្យ អង្ករ ១០០គក្រ និងគ្រឿងឧបភោគបរិភោគ មួយចំនួន។ព្រះមេគណ ព្រះអនុគណ និងព្រះមន្ត្រីសង្ឃខេត្ត ឧបត្ថម្ភក្នង ១គ្រូសារ សព ជា សម្ភារ: ( ប្រឡុង) ១ឈុត និងចូលបុណ្យ ២០០,០០០រៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *